CamNews

កីឡាជាតិ 

TMCC-2016៖ ​បឹងកេត ​ប៉ះជើងឯកឡាវ ​Lanexang United​ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

(ភ្នំពេញ)៖ ទីបំផុតក្រុមបឹងកេតអង្គរ បានរកឃើញគូប្រជែងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ TOYOTA Mekong Cup 2016 ហើយ គឺត្រូវជួបក្រុមជើងឯកឡាវ Lanexang United ដែលទើបប្រកួតបង្ហើយកិច្ចស្មើក្រុម Yadanarbon ជើងឯកលីគកំពូលមីយ៉ាន់ម៉ា ដោយលទ្ធផល ៣-៣ នៃជំនួបបញ្ចប់វគ្គជម្រុះបឋម នៅកីឡដ្ឋាន Mandalarthiri ទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ាកាលយប់មិញ ។

សម្រាប់ជំនួបកាត់សេចក្ដីរវាងក្រុមម្ចាស់ផ្ទះ Yadanarbon និងក្រុម Lanexang United យប់មិញនេះ បានបញ្ចប់ដោយភាពតានតឹង និងញាប់ញ័របំផុត បន្ទាប់ពីក្រុមទាំងពីរបានសម្រុកស្វែងរកគ្រាប់បាល់រៀងៗខ្លួន ។ នៅដើមតង់ទី១ ក្រុម Lanexang United បានចំណាយពេលមកដល់ ១៥នាទីផង ក៏រកបានគ្រាប់បាល់នាំមុខ ២-០ លើក្រុម Yadanarbon មុននឹងកីឡាករមីយ៉ាន់ម៉ា វាយបកបាន ១គ្រាប់វិញ នៅនាទីទី២២ ។

ឈានចូលតង់ទី២ ការប្រកួតរឹងតែជក់ចិត្ត ពិសេសពេលក្រុម Lanexang United បន្ថែម ១គ្រាប់ទៀត ដើម្បីនាំមុខ ៣-១ បានធ្វើឲ្យក្រុម Yadanarbon បើកការវាយសម្រុកកាន់តែខ្លាំង រហូតមានឱកាសបំប៉ោងសំណាញ់ទីក្រុម Lanexang United ២គ្រាប់វិញ ដើម្បីតាមស្មើ ៣-៣ តែលទ្ធផលស្មើគ្នានេះ មិនអាចទម្លាក់ក្រុមជើងឯកលីគកំពូលឡាវ មិនឲ្យឡើងវគ្គបន្ដបានឡើយ ។

ឆ្លងកាត់ ២ប្រកួតដូចគ្នាក្រុម Lanexang United បានរក្សាតំណែងកំពូលតារាងមាន ៤ពិន្ទុ ដើម្បីឡើងមកជួបក្រុមបឹងកេត បន្ទាប់ទទួលបានជ័យជម្នះ ១ប្រកួត និងស្មើ ១ប្រកួត ។ រីឯក្រុម Yadanarbon បានត្រឹមសោកស្ដាយប៉ុណ្ណោះ ក្រោយបញ្ចប់ការប្រកួត ២លើកត្រឹមលទ្ធផលស្មើគ្នារហូត ។ ដោយឡែកក្រុម SHB Da Nang មកពីវៀតណាម បានឈរបាតតារាងនៃវគ្គជម្រុះបឋមនេះ ក្រោយស្មើ១ និងចាញ់១ ក្នុងការប្រកួត ។

ចំពោះកម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងក្រុមបឹងកេតអង្គរ និងក្រុម Lanexang United នឹងត្រូវឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ដែលមានក្រុមការពារតំណែងជើងឯកថៃ Buriram United កំពុងរង់ចាំស្រាប់ ។ រីឯសំបុត្រចូលទស្សនាវិញ ក៏បានដាក់លក់ហើយដែរ នៅពហុកីឡដ្ឋានជាតិក្នុងតម្លៃ ៤ពាន់រៀល និង ៨ពាន់រៀល ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Canada Wildfire Int news Hot news