CamNews

តារា 

អេឡិច ដាហ្វី និយាយថា អត់មានអីៗ ជាមួយ លឹម មួយហ្គេច ទេ.!

ភ្នំពេញៈ ថ្មីៗនេះ លេចឮព័ត៌មានថា តារាសម្តែងប្រុសស្រី មានឈ្មោះល្បីគួរសម លោក អេឡិច ដាហ្វី និង កញ្ញា ស្រីស្អាត លឹម មួយហ្គេច កំពុងតែបង្កើនភាពផ្អែមល្ហែម ជិតដិត ជាមួយគ្នា ប្លែកខុសពីធម្មតា ដែលធ្វើឲ្យទស្សនិកជនជាច្រើន គិតថាតារាប្រុសស្រីមួយគូនេះ កំពុងតែសម្ងំបង្កាត់ភ្លើងស្នេហ៍ បាំងពីភ្នែកមហាជន ។

មួយរយៈចុងក្រោយនេះ មានដំណឹងលេចឮថា បុរសរូបសង្ហា លោក អេឡិច ដាហ្វី និង កញ្ញា រូបស្រស់ លឹម មួយហ្គេច បានបង្កាត់ភ្លើងស្នេហ៍ឆេះ សន្ធោរសន្ធៅ ដោយមិនបើកចំហរ។ ជាក់ស្ដែង កាលពីពេល ថ្មីៗនេះ ពួកគេទាំងពីរនាក់ បានយករូបថតស្និទ្ធស្នាល ជាមួយ គ្នា ប្រៀប ដូចជាគូស្នេហ៍ យកមកបង្អួត អ្នកគាំទ្រ និង Friend ក្នុង Facebook ធ្វើឲ្យអ្នកនិយម លេងបណ្តាញមួយនេះ នាំគ្នានិយាយ តៗគ្នាថា តារាប្រុសស្រីមួយគូនេះ បានបង្ហាញ ទំនាក់ ទំនង ស្អិតល្មួត ជាមួយគ្នាខុសពីអ្នកសិល្បៈដទៃ ប្រៀបដូចជាគូស្នេហ៍ ចង់បង្ហាញចំណង មិត្ត ភាព ជាសាធារណៈ ព្រោះថា កន្លងមកពួកគេធ្លាប់តែ បណ្តើរគ្នាចេញទៅក្នុងកម្មវិធីអ្នកសិល្បៈ និងដើរលេងជាមួយគ្នាធម្មតាៗ មិនសូវចំហរ តែពេលនេះបែរ ជាសម្ញែង ភាពផ្អែមល្ហែម ជាមួយគ្នាកាន់តែខ្លាំង ខណៈដែលតារាប្រុស លោក ដាហ្វី បង្ហាញវត្តមាន ជូនដំណើរស្រីស្អាត រូបនេះ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ និងបានថតរូបកៀកកើយ ជាមួយគ្នាបង្ហោះ Facebook ថែមទៀតផង ។

ទាក់ទងនឹងការលេចឮព័ត៌មានបែបនេះ ត្រូវបានតារាសម្តែង និងជាតារាបង្ហាញម៉ូដ លោក អេឡិច ដាហ្វី សារភាពទទួលស្គាល់ ដោយប្រាប់គេហទំព័រ LookingTODAY នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៤ នេះថា មួយរយៈនេះ លោកហាក់ មានភាពសិ្នទ្ធស្នាល ជាមួយ លឹម មួយហ្គេច ជាងមុនពិតមែន ហើយពួកលោកក៏ឧស្សាហ៍ ទៅណាមកណា ជាមួយគ្នាដែរ ។ ជាក់ ស្តែង កាលពីពេលកន្លងទៅនេះ លោកទើបតែជូនដំណើរនាង ទៅព្រលានយន្តហោះ ហើយ ក៏បាន ថតរូបបង្ហោះ Facebook ក៏ធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ និងក្លាយ ជារឿង បែប នេះតែម្តងទៅ ។

លោក ដាហ្វី បានប្រាប់ទៀតថា "ខ្ញុំទទួលស្គាល់ថា មួយហ្គេច ក្រៅពីស្អាត ហើយនាងក៏មាន ចរិកល្អ រួសរាយរាក់ទាក់ងាយស្រួលរាប់អាន ហើយសម្រាប់ពួកខ្ញុំ ទាំងពីរនាក់ បានស្គាល់គ្នា យូរហើយ គ្រាន់តែកន្លងមក មិនសូវបានជិតដិតគ្នា ទើបតែមួយរយៈនេះ ខ្ញុំ និងនាងឧស្សាហ៍ ចេញកម្មវិធី ជាមួយគ្នា ប៉ុន្តែរវាងខ្ញុំទាំងពីរនាក់ មិនមានទំនាក់ទំនងស្នេហា ក្រៅឆាកអី ជាមួយ គ្នាទេ ពោលគឺពួកខ្ញុំ ស្រលាញ់រាប់អានគ្នា ប្រៀបដូចជាបងប្អូន ។ ម្យ៉ាងពួកខ្ញុំជាអ្នកសិល្បៈ គឺ តែងតែមានកម្មវិធី ដូចគ្នាច្រើន អ៊ីចឹងហើយបានភាគច្រើន តែងតែទៅណាមកណា ជាមួយគ្នា បែបនេះ" ៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star khmer star