CamNews

តារា 

សុខ ជំនោរ ៖ ស្ទើរ ១០០% សុគន្ធ នីសា ត្រឡប់រក ផលិតកម្ម រស្មីហង្សមាស

ភ្នំពេញ៖ ខណៈដែលរឿងរបស់ អ្នកនាង ពេជ្រ សោភា ដែលចង់ចាកចេញពីទ្រនំហង្សមាស កំពុងតែមានភាពល្បីរន្ទឺ និងមានការចាប់អារម្មណ៍ខ្លាំងនោះ ស្រាប់តែថ្មីៗនេះ ក៏លេចឮព័ត៌មានថា តារាចម្រៀងសំឡេងផ្អែម កញ្ញា សុគន្ធ នីសា កំពុងតែត្រៀមខ្លួនវិលរកទ្រនំចាស់វិញ ក្រោយពីដើរចេញពីទ្រនំនេះ អស់ពេលជាច្រើនឆ្នាំ ។
រឿងរ៉ាវក្ដៅគគុកក្នុងពិភពសិល្បៈ បានកើតឡើងជាបន្តបន្ទាប់ នឹងកំពុងតែធ្វើឲ្យមហាជននិយាយតៗគ្នា ដោយអ្នកគាំទ្រខ្លះកំពុងតែជ្រួលច្របល់ និងតាមដានយ៉ាងយក ចិត្តទុកដាក់។

ជាការពិតរឿងរ៉ាវ ពេជ្រ សោភា ប្រកាសឈប់ពីហង្សមាសមិនទាន់ស្ងប់ផង ស្រាប់តែធ្លាយដំណឹងមកថា តារាចម្រៀងប្ដូរទ្រនំព្រោះតែមិនចង់ជួបអតីតគូស្នេហ៍ កញ្ញា សុគន្ធ នីសា កំពុងតែត្រៀមខ្លួនត្រឡប់រកទ្រនំចាស់វិញ គឺផលិតកម្មហង្សមាស ជាថ្នូរនឹងតំណែងថ្មី គឺធ្វើជាគណៈកម្មការកម្មវិធី « X FACTOR »។

ពាក់ព័ន្ធទៅនឹងព័ត៌មានលេចឮ ខាងលើនេះអតីតគូស្នេហ៍របស់ សុគន្ធ នីសា គឺលោក សុខ ជំនោរ បានចេញមុខអះអាងដោយទទួលស្គាល់ថា «ខ្ញុំហ៊ានថា៩០ភាគរយ ដែលគាត់ត្រឡប់រកទ្រនំចាស់ ហើយការដឹងនេះគឺខ្ញុំ ដឹងពីម្ចាស់សាមីខ្លួន នីសា ផ្ទាល់គាត់បានប្រាប់ខ្ញុំថា ខាងហង្សមាសបានចែចូវគាត់ តែខ្ញុំមិនបានដឹងថា នីសា គាត់គិតបែបណាទេ ហើយខ្ញុំសុំច្រានចោលការដែល នីសា វិលចូលផលិតកម្មចាស់នេះ មិនមែនដោយសារមូលហេតុមានការផ្លាស់ប្តូរឬក៏ខ្ញុំឈប់ពីហង្សមាស ទើប នីសា ចូលទេ តាមពិតទៅខ្ញុំបានឈប់ពីហង្សមាសយូរហើយ ប្រមាណជិត៥ខែហើយ រឿងដែល នីសា វិលរកទ្រនំចាស់នេះ គឺទើបតែថ្មីៗនេះ…» ។

ខណៈដែលរឿងរ៉ាវ សុគន្ធ នីសា វិលរកទ្រនំចាស់កំពុងតែទទួល បានការចាប់អារម្មណ៍ខ្លាំងនោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទាក់ទងទៅអ្នកចាត់ការទូទៅ ក្នុងផលិតកម្មថោន លោក មាស សុខរតនៈ ដើម្បីសាកសួរលោកជុំវិញរឿងនេះដែល តែលោកបានប្រាប់ដោយខ្លីថា «ខ្ញុំមិនទាន់ដឹងរឿងនេះទេ តែផលិតកម្មទើប តែចេញបទ ឲ្យគាត់ថ្មីៗនេះតើ ហើយសម្រាប់ពេលនេះខ្ញុំ រាងពិបាកក្នុងការនិយាយតិច ព្រោះខាងខ្ញុំអ៊ូអរពេកស្តាប់មិនសូវបានចាំទាក់ទងមកក្រោយទៀតចុះ » ។
ជុំវិញព័ត៌មានថា សុគន្ធ នីសា ត្រឡប់ទៅទ្រនំហង្សមាស ធ្វើឲ្យមហាជនងឿយឆ្ងល់ថា តើ នីសា សម្រេចចិត្តច្បាស់លាស់ ឬនៅ? ព្រោះការវិលទៅវិលមក ចុងក្រោយធ្វើ ឲ្យតារាចម្រៀងខ្លះ ឈប់ច្រៀងតែម្ដង ។ ម្យ៉ាងផលិតកកម្ម «ថោន» ទើបចេញអាល់ប៊ុម ទោលដំបូងឲ្យ សុគន្ធ នីសា ដែលជាសមទ្ធិផលថ្មីបំផុតចុងក្រោយ សម្រាប់ សុគន្ធ នីសា ដែលបទចម្រៀងល្បីល្បាញក្នុងវ៉ុលនេះ គឺបទ«ស្រលាញ់បង ជាកម្មរបស់អូន» ។

ប៉ុន្តែប្រភពជិតដិតនឹង សុគន្ធ នីសា បានលួចបង្ហើបប្រាប់ឲ្យដឹង ពីមូលហេតុនៃការចាកចេញថា សុគន្ធ នីសា សម្រេចចិត្តលើកនេះ មិនមែនសម្រេចចិត្តលេងៗទេ នាងគិតច្បាស់លាស់ និងពិតប្រាកដណាស់ ព្រោះរយៈពេលបីឆ្នាំកន្លងមកនេះ កេរ្តិ៍ឈ្មោះនាង ហាក់នៅទ្រឹង មិនបានលោតខ្ពស់ឡើយ ទោះបីការងារនាងនៅដដែល មិនថមថយក្ដី តែនាងមិនសូវសប្បាយចិត្តឡើយ ។ ការវិលត្រឡប់ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានប្រភពទម្លាយថា ជាថ្នូរនឹងការទទួលតំណែង គណកម្មការក្នុងកម្មវិធី ប្រឡងទេពកោសល្យលំដាប់ពិភពលោក «X FACTOR» រួមជាមួយតារាចម្រៀងហង្សមាសដ៏ទៃទៀត ដែលហង្សមាសត្រៀមរួចជាស្រេច ដើម្បីនាង ព្រោះនេះជាកាដូរ នៃការវិលត្រឡប់របស់នាង ។

តារាចម្រៀងស្រី សុគន្ធ នីសា មិនទាន់ចេញមុខបកស្រាយ ចំពោះរឿងនេះនៅឡើយទេ ព្រោះនាងនឹងចេញមុខបកស្រាយ តាមបណ្ដាញសង្គមរបស់នាង បើសិនជាមានរឿងធំដុំ ។ តែនាងសំងំស្ងៀមបែបនេះ អាចសង្ស័យថា រឿងនេះពិតប្រាកដហើយមើលទៅ..៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Sokun nisa Star news local news