CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ឈឺខ្នងទៅ​អោយពេទ្យ​នៅឃ្លីនិក ឃឹម រ៉ានី ពិនិត្យ ចាក់ថ្នាំ​២ម្ជុល ប្រកាច់បែក​ពពុះមាត់​រហូត

(ភ្នំពេញ)៖ បុរសវ័យជិត៣០ឆ្នាំម្នាក់បានបែកពពុះមាត់​ប្រកាច់រហូតដល់ស្លាប់ បន្ទាប់ពីរូបគេមានអាការៈ​មិនស្រួលខ្លួន​ចេះតែឈឺខ្នង​ហើយមិត្តភក្ដិបាននាំទៅពិនិត្យ និងព្យាបាលនៅក្នុងឃ្លីនិកឃឹម រ៉ានីត្រូវបានគ្រូពេទ្យចាក់​ថ្នាំអោយ២ម្ជុល​ ក៏បែកពពុះមាត់ប្រកាច់ ស្រាប់តែគ្រូពេទ្យបានអោយបញ្ជូនទៅមន្ទីរ ពេទ្យកាល់ម៉ែតអោយលឿនតែជនរង​គ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ករណីនេះបានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះនៅក្នុងឃ្លីនិកឃឹម រ៉ានី ដែលមានទីតាំងនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ សពជនរងគ្រោះមានឈ្មោះឡាំ តៅគង់ ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅផ្ទះលេខ៥២សេ ផ្លូវលេខ២០៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ (ក្នុងបុរីវិមានភ្នំពេញ) មានមុខរបរជាបុគ្គលិកក្រុមហ៊ុនប្រេងឥន្ទនៈសាវីមិុច មានប្រពន្ធ​ឈ្មោះ សុខ រដ្ឋមនី អាយុ២៨ឆ្នាំ ដូចគ្នា។

តាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះបានអោយដឹងថា នៅព្រឹកមុនកើតហេតុជនរងគ្រោះ និងមិត្តភក្ដិគេម្នាក់ទៀតឈ្មោះ រ៉ា បានបបួលគ្នា ទៅហូបគុយទាវនៅម្ដុំទួលគោក។ក្រោយហូបគុយទាវ​ហើយជនរងគ្រោះ​បានត្អូញ​ថាចេះតែឈឺខ្នង​ស្ទើទ្រាំ​មិនចង់បាន ហើយមិត្តភក្ដិក៏ជូនទៅពេទ្យ។ ពេលជិះឃើញឃ្លីនិកឃឹម រ៉ានី ក៏នាំជនរងគ្រោះចូលពិនិត្យ ក្រោយពេទ្យពិនិត្យ ហើយក៏យកថ្នាំចាក់អោយ​ជនរងគ្រោះ២ម្ជុលបានតែបន្តិច​ស្រាប់តែឃើញ ជនរងគ្រោះប្រកាច់បែកពពុះមាត់ ពេលនោះស្រាប់តែពេទ្យ​អោយមិត្តភក្ដិអ្នក​ជូនទៅផ្ដិតមេដៃ​នៅលើក្រដាស​រួចហើយ​អោយប្រញាប់​ដឹកទៅមន្ទីរ
ពេទ្យកាល់​ម៉ែត តែពេលទៅដល់ស្រាប់តែគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត​ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ពាក់ព័ន្ធករណីនេះគេនៅមិនទាន់ដឹងថាជនរងគ្រោះស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដនៅឡើយទេ គ្រាន់តែដឹងថាក្រោយគ្រូពេទ្យនៅឃ្លីនិក ឃឹម រ៉ានី  ចាក់ថ្នាំហើយក៏​ប្រកាច់បែកពពុះ​មាត់ស្លាប់តែ​ម្ដងទៅ។

ករណីនេះ Fresh News នៅមិនទាន់អាចទាក់ទងខាងឃ្លីនិក ឃឹម រ៉ានី សាកសួរព័ត៌មានពីករណីគ្រូ​ពេទ្យរបស់ខ្លួនចាក់ថ្នាំអោយអ្នកជំងឺ ចុងក្រោយអ្នក ជំងឺស្លាប់នៅឡើយនោះទេ៕






ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh