CamNews

កីឡាអន្តរជាតិ 

រូបភាពបំពានសាសនា​ព្រះពុទ្ធធ្ងន់ធ្ងរ របស់កំពូល​កីឡាករ​បាល់ទាត់ពិភពលោក Cristiano Ronaldo កំពុង​ទទួលរង

(បរទេស)៖ រូបភាពមួយសន្លឹក ដែលត្រូវបានបង្ហោះរយៈពេលមួយថ្ងៃក្នុងទំព័រ Facebook ផ្លូវការរបស់កំពូលតារាបាល់ទាត់ពិភពលោក បាននិងកំពុងទទួល រងការរិះគន់ និងជេរប្រទេចយ៉ាងចាសដៃពីសំណាក់ពុទ្ធសាសនិកជននានាទូទាំងពិភពលោក ដោយវាបង្ហាញពីកាយវិកា ថតរូប «យកជើងម្ចាងគងលើជាយ រូបសំណាកព្រះកេសព្រះពុទ្ធអង្គ»

រូបភាពខាងលើនេះត្រូវបានបង្ហោះនៅថ្ងៃទី២០ ខែតុលា ហើយរហូតមកដល់ម៉ោង៣៖៣០នាទីរសៀល ថ្ងៃសុក្រ ទី២១ ខែតុលានេះ វាបានទទួលការចុច Like ជាង ១.២លាននាក់, ចែករំលែកជិត ៤០នាក់, និង អ្នកបញ្ចេញមតិយោបល់ជាង ៦០ពាន់នាក់ ដោយចំនួនទាំងនេះនឹងបន្តកើនឡើងបន្ថែមទៀត ដោយសារតែទំព័រហ្វេសបុកដ៏ល្បី របស់កីឡាករបាល់ទាត់លំដាប់កំពូលលើលោកនេះមានអ្នកតាមដាន ជាច្រើនពាន់លាននាក់។

Facebook របស់កីឡា Cristiano Ronaldo មានអ្នក Like រហូតដល់ទៅជាង១១៧លាននាក់ និងជាប់លេខ០១ លើពិភពលោក ដោយមិនរាប់បញ្ចូលទំព័រហ្វេសបុក។

តាមការដកស្រង់មតិរបស់អ្នកលេងបណ្តាញសង្គមហ្វេសបុកមួយចំនួន ទៅលើរូបថតមិនសមគួររបស់ Cristiano Ronaldo ជនជាតិព័រទុយហ្គាល់ ដែលបានជួយឲ្យ ជាតិសាសន៍ខ្លួនឯងឈ្នះបាល់ទាត់ Euro 2016 នោះបានធ្វើការរិះគន់ដូច្នេះថា «វាជាទង្វើដែលមិនបង្ហាញការគោរពទាល់តែសោះ! តើគាត់អាចដាក់ជើងលើ រូបសំណាកព្រះពុទ្ធ បានយ៉ាងដូចម្តេច? ខ្ញុំមិនដែលគិតថាគាត់ (Ronaldo) អាចធ្វើរឿងដ៏ឆ្កួតលីលាបែបនេះទេ។ សូមប្រាប់លោកថា លោកបានបាត់បង់ អ្នកគាំទ្ររបស់លោកស្ទើរតែទាំងអស់ហើយ ដោយសារតែទង្វើបែបនេះ»

ដោយឡែកមតិដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ក្រៅតែពីការជេរប្រទេចនោះគឺ «ទោះបីជាលោក កាន់សាសនាអ្វីក៏ដោយក៏លោកគួរតែគោរពសាសនាដ៏ទៃផង ទោះជាសាសនា គ្រិស្ត អ៊ីស្លាម ឬហិណ្ឌូក៏ដោយ ព្រោះអ្នកគាំទ្ររបស់លោកគឺមានគ្រប់សាសនាទាំងអស់។ អ្នកជាតារាបាល់ទាត់ល្បី សូមកុំធ្វើបែបនេះ ព្រោះរូបថតរបស់អ្នក បានចាក់បេះដូងពុទ្ធសាសនិកជនគ្រប់គ្នាណាស់»។

គួរបញ្ជាក់ថា ទោះបីជាមានការរិះគន់ និងជេរប្រទេចស្ទើរតែ ១០០% នៅក្នុងរូបថតខាងលើនេះក៏ដោយ ក៏ម្ចាស់ផេក (Ronaldo) មិនបានលុបចេញនោះដែរ ដោយនៅលើរូបនោះលោកបានសរសេរពាក្យថា Good Morning (អរុណសួស្តី) ហើយក៏មិនបានបញ្ជាក់ថាវាត្រូវបានថតនៅទីណានោះដែរ៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Cristiano Ronaldo