CamNews

តារា 

ឡាយអិន សម្រក់ទឹកភ្នែក ព្រោះត្រូវភរិយា ពង្រាត់កូន ចេញពីដើមទ្រូង

- អាន ៖  DJ ឡាយអិន ចូលតុលាការ បំភ្លឺបណ្ដឹង​ប្រពន្ធ​សុំលែងលះ

ភ្នំពេញ៖ បន្ទាប់ពីចំណងស្នេហារបស់ពិធីករ សម្បូរវោហាស័ព្ទលោក ឡាយ អិន បានដើរដល់ផ្លូវបំបែក ដោយភរិយារបស់លោក បានដាក់ ពាក្យប្តឹងសុំលែងលះ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ រួចមិនទាន់បានប៉ុន្មានផង លោកក៏បានរៀបរាប់ ការឈឺចាប់ និងសម្រក់ ទឹកភ្នែក ប្រាប់ឲ្យដឹងថាទុក្ខរបស់ លោកពេលនេះ គឺធ្ងន់ខ្លាំង លើសពី ភរិយាសុំលែងទៀត ព្រោះថាពេលនេះ លោកត្រូវ រស់នៅបែកឃ្លាត ឆ្ងាយពីកូនៗ សំណព្វចិត្តទាំងបី ដោយមិនដឹងឡើយថា ពួកគេ រស់នៅឯណា ។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ Looking TODAY នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤នេះ ពិធីករ និងជា DJ រូបនេះ បាន ថ្លែងប្រាប់ឲ្យដឹង ទាំងសំឡេងអួលដើមករ ថ្ងួចថ្ងូរថា ភរិយា របស់ លោក ធ្វើបាបលោកខ្លាំងណាស់ ដោយនាងបានពង្រាត់កូនៗ ចេញពីលោកទៅបាត់ ស្រមោលដោយទុកឲ្យលោករស់នៅ កណ្តោច កណ្តែង ជាមួយការឈឺចាប់ និងការដង្ហើយដើររកកូនគ្រប់ច្រកល្ហក់ “ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ព្រោះថាកូនៗជាទីស្រលាញ់របស់ខ្ញុំ ត្រូវបានឃ្លាតឆ្ងាយពីខ្ញុំហើយ ដោយភរិយាខ្ញុំ គេបានលួចយក កូនៗ ចាកចេញ ពីខ្ញុំតាំងពីចុងខែកញ្ញា រហូតដល់ពេលនេះ ខ្ញុំនៅមិនទាន់ បានជួបមុខកូនទេ ខ្ញុំពិតជានឹកកូនខ្លាំងណាស់ ពេលនេះខ្ញុំស្ទើរ តែឆ្គួតទៅហើយ ” ។

លោក ឡាយអិន បានប្រាប់ដោយសំឡេងសោកសៅ និងលាយឡំ សំឡេងយំទៀតថា “កាលពីថ្ងៃទី២៩ខែកញ្ញា វេលាម៉ោង ២៖៤៥ នាទី ភរិយាខ្ញុំបាននាំកូនៗ ចេញពីផ្ទះទៅបាត់ស្រមោល តែពេល នោះខ្ញុំមិនគិតទេថា គ្រប់យ៉ាងវាធ្ងន់ធ្ងរបែបនោះ ដោយខ្ញុំគិតថានាង ទៅគ្រាន់តែមួយរយៈពេលខ្លី និងត្រឡប់មកវិញតែដឹងអី ក្រោយពី ចេញទៅបានជិតមួយខែ នាងបានដាក់ពាក្យប្តឹងលែងលះខ្ញុំ ហើយ មិនតែប៉ុណ្ណោះ នាងថែមទាំងហាមឃាត់ខ្ញុំ មិនឲ្យជួបមុខកូនៗ ទាំង៣ទៀត រហូតដល់ពួកខ្ញុំត្រូវ បានតុលាការកោះហៅខ្ញុំក៏បាន ជួបនាង តែនាងមិនបាន យកកូនមកជាមួយទេ ព្រោះថានាងបាន យកទៅ លាក់បាត់ហើយ” ។

 លោកបានបន្តទាំងអារម្មណ៍ ខ្សឹបខ្សួលទៀតថា ពេលនេះលោកខំ ប្រឹងដើររកកូនគ្រប់ទីកន្លែង តែគ្មានដំណឹងកូនបន្តិចណាឡើយ អារម្មណ៍ពេលនេះលោកពិតជា នឹកកូននិងចង់បីត្រកង កូនៗខ្លាំង ណាស់ បើទោះជាភរិយារបស់លោក មានការខឹងសម្បារ និងចង់ លែងលះលោកក៏ដោយ តែគេ (ភរិយា)គ្មានសិ្នទ្ធណាមកពង្រាត់កូន ចេញ ពីដើមទ្រូងឪពុកដូចជារូបលោកឡើយ ជាការពិតឪពុកគ្រប់ៗ រូប តែងតែធ្វើគ្រប់យ៉ាងដើម្បីកូន តែបើនាងអស់ចិត្តមិនស្រលាញ់ លោក សុំត្រឹមតែឲ្យលោកជួបកូនៗ លោកវិញទៅបានហើយ ។

ជាមួយគ្នានោះ លោក ឡាយអិន ក៏បានផ្ញើរសារទទូចទៅ ដល់ទស្សនិកជនទាំងអស់ផងដែរថា “ប្រសិនបើមានបងប្អូន ប្រជាពលរដ្ឋ ណាម្នាក់បានឃើញកូនទាំង៣របស់ខ្ញុំ ថាពួកគេរស់ នៅទីណា មេត្តាផ្តល់ដំណឹងឲ្យខ្ញុំ តាមរយៈលេខទូរស័ព្ទ 099 88 88 98 ផង អាណិតទឹកចិត្ត ឪពុកម្នាក់នេះផង ខ្ញុំខានបានជួបមុខកូន ជិត១ខែហើយ…..”។

លោក ឡាយអិន ក៏បានបង្ហើបឲ្យដឹងទៀតថា លោកនឹងត្រូវឡើង តុលាការ សារជាថ្មីម្តងទៀត(លើកទី២) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវេលាម៉ោង៨ព្រឹក ។

ទោះបីជាយ៉ាងណា សម្រាប់ចំណុចវិវាទរបស់ពួកគេ ទាំងពីរនាក់ ដែលធ្វើឲ្យមាន ភាពរកាំរកូសមិនដាច់ស្រេចនោះគឺ ប្រពន្ធប្ដឹងលែង លះ ហើយទាមទារយក កូនទាំង៣នាក់ ទៅចិញ្ចឹម ប៉ុន្តែភាគីខាង លោក ឡាយអិន មិនព្រមឲ្យកូនទៅខាងភរិយាទេ ដោយលោកក៏ ទាមទារយក កូនទាំង៣ មកចិញ្ចឹមដូចគ្នា។ ចំណុចប្រទាញប្រទង់គ្នានេះ គេមិនទាន់ដឹងថា តុលាការនឹងសម្រេច យ៉ាងណានោះទេ ខណៈការសាកសួរ កាលពីលើកទី១ គ្រាន់តែជា ជំហានដំបូង ដើម្បីសម្រុះសម្រួលគ្នា ជាមុនសិនប៉ុណ្ណោះ ៕

- អាន ៖  DJ ឡាយអិន ចូលតុលាការ បំភ្លឺបណ្ដឹង​ប្រពន្ធ​សុំលែងលះ


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh