CamNews

ព័ត៌មានបច្ចេកវិទ្យា 

NASA កំពុងសិក្សាលើការសង់ផ្ទះ នៅលើឋានព្រះចន្ទ

ការទៅរស់នៅលើភពព្រះអង្ការ គឺជាគោលដៅដែលកំពុងត្រូវបានក្រុមអ្នកវិទ្យាសាស្ដ្រនៅលើពិភព
លោកយកចិត្តទុកដាក់ ហើយចង់ទៅជាន់ដីភពនេះ ក្នុងរយៈពេល ២០ខាងមុខ។

ប៉ុន្តែ មុននឹងមនុស្សអាចទៅរស់នៅលើភពព្រះអង្គារបាន គេត្រូវធ្វើការពិសោធនៅលើឋានព្រះចន្ទ។
NASA និង Behrokh Khoshnevis ដែលជាសាស្ដ្រាចារ្យនៃសកលវិទ្យាល័យ Southern California កំពុងតែធ្វើការជាមួយគ្នាដើម្បីរកវិធីសាងសង់មូលដ្ឋានមួយនៅលើឋានព្រះចន្ទ។

នៅពេលរកបានវិធីសាស្រ្ដសាងសង់មូលដ្ឋានដើម្បីអាចឱ្យមនុស្សរស់នៅបាន ទើបយើងអាច​ឈានទៅរស់នៅលើភពដែលឆ្ងាយពីផែនដី។

បច្ចេកវិទ្យាសាងសង់មូលដ្ឋានដែល Behrokh និង NASA កំពុងអភិវឌ្ឍ មានឈ្មោះថា Contour
Crafting ដែលជាបច្ចេកទេសសាងសង់ផ្ទះដោយម៉ាស៊ីន 3D។ អំពីទ្រឹស្ដី បច្ចេកវិទ្យានេះ អាចឱ្យគេ​សាងសង់ផ្ទះដោយការបូមបេតុងដើម្បីបង្កើតជញ្ជាំងពីទាបទៅខ្ពស់។

តាមពិត បច្ចេកទេសសាងសង់ផ្ទះបែបនេះ មិនមែនជារឿងថ្មីនោះទេ វាបានបង្ហាញខ្លួនអំឡុង ២០
ឆ្នាំមកនេះ  ដែលគេហៅថា 3D panel ។ នៅពេលសាងសង់ជញ្ជាំង ចាក់សាប គេនឹងដំឡើង panel
និងស្នូលដែក ក្រោយមក គេបូមបេតុងពីលើ។ វិធីនេះ មានល្បឿនលឿន និងជួយឱ្យជញ្ជាំងរាប
ស្មើ ហើយមិនចាំបាច់មានសសរ និងផ្លាន។ ប៉ុន្តែ បច្ចេកវិទ្យា Contour Crafting ដែលសាស្ដ្រាចារ្យ
Behrokh កំពុងអភិវឌ្ឍ គឺមានលក្ខណៈទាន់សម័យជាង 3D panel ដោយសារវាមិនចាំបាច់ដាក់
គ្រោងដែក។

កន្លងមកនេះ គំនិតសាងសង់មូលដ្ឋាននៅលើបណ្ដាភព គឺការបញ្ជូនវត្ថុធាតុពីផែនដីឡើង ហើយ
ក្រោយមកដំឡើងជាមូលដ្ឋាន។ ប៉ុន្តែ ជាប់ស្ដែង ប្រាក់ចំណាយទៅលើការដឹកជញ្ជូនពីផែនដី ឡើង
ទៅកាន់ឋានព្រះចន្ទ គឺមានតម្លៃខ្ពស់ ពោលគឺ ១គីឡូក្រាម តម្លៃ ២០០.០០០ដុល្លារអាមេរិក ដូច្នេះ
បច្ចេកវិទ្យា Contour Crafting នឹងជួយកាត់បន្ថយការចំណាយបានយ៉ាងច្រើន។

បច្ចុប្បន្ន បច្ចេកវិទ្យា Contour Crafting កំពុងត្រូវបានអភិវឌ្ឍនៅមជ្ឈមណ្ឌលស្រាវជ្រាវគម្រោង
concept របស់ NASA (NIAC) ហើយបានឈានដល់ជំហានទីពីរ ដែលការស្រាវជ្រាវនេះ ទទួលបាន
ប្រាក់វិនិយោគ ៥០០.០០០ដុល្លារក្នុងរយៈពេលពីរឆ្នាំ។

សង្ឃឹមថា បច្ចេកវិទ្យាសាងសង់នេះនឹងបានទទួលជោគជ័យក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីមនុស្សអាច
សាងសង់មូលដ្ឋាន និងរស់នៅលើភពដទៃនៅក្នុងលំហអវកាស។

ប្រែសម្រួល ៖ បុត្រា


Tags: NASA ឋានព្រះចន្ទ សាងសង់ មូលដ្ឋាន