CamNews

តារា 

កំពូលតារាចម្រៀង ខេមរៈ សេរីមន្ត រៀបចំប្រគំតន្ត្រីខ្នាតធំ អប់រំច្បាប់ចរាចរណ៍ មិនយកប្រាក់កម្រៃ

ភ្នំពេញ៖ តារាចម្រៀងឈរតំណែងកំពូលលោក ខេមរ សេរីមន្ត បានប្រកាសជាសាធារណៈថា រូបលោកសហ ការជាមួយក្រុមហ៊ុន Home Media ប្រគំតន្ត្រីដ៏ធំមួយ ដែលមានឈ្មោះថា «តារាបៃតង» នៅក្នុងពេលខាងមុខដ៏ ខ្លី ដើម្បីផ្សព្វផ្សាយស្តីពីគ្រោះថ្នាក់ចរាចរ។

ការប្រកាសរបស់តារារូបនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលរូបលោកចូលជួបសម្តែងការគួរសមជាមួយលោក  ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥។ ក្នុងជំនួបសម្តែងការគួរសមនេះ  លោក ខេមរៈ សិរីមន្ត ក៏បានស្នើសុំយោបល់មួយពាក់ព័ន្ធការប្រគំតន្ត្រី ដើម្បីផ្សព្វផ្សាយពីច្បាប់គ្រោះថ្នាក់ចរាចរ  ផងដែរ។

លោក ខេមរៈ សេរីមន្ត បានប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មានថា រូបលោកនឹងមិនយកប្រាក់កម្រៃពីការប្រគំតន្ត្រីនោះ ទេ ព្រោះនេះជាការចូលរួមជួយសង្គម និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ដែលកំពុងមានការកើនឡើងនៅ ក្នុងសង្គមទាំងមូល។

តារារូបនេះ បានឲ្យដឹងថា នេះជាទឹកចិត្តរបស់លោកផ្ទាល់ ក្នុងចូលរួមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរ  ឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរតាមដងផ្លូវ និង ពន្យល់ពួកគាត់បន្ថែមឲ្យចូលរួមគោរពច្បាប់ចរា  ចរណ៍ទាំងអស់គ្នា។

តារាចម្រៀង ដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងបទចង្វាក់ញាក់ «កាឡុក កាឡុក» លោក ខេមរៈ សេរីមន្ត  បានបញ្ជាក់ថា លោកក៏ជាជនរងគ្រោះម្នាក់ក្នុងគ្រោះថ្នាក់ចរាចរយ៉ាងរន្ធត់កាលពីឆ្នាំ២០១៣ផងដែរ។ ដូច្នេះ លោកពិតជាមានការរន្ធត់ និងបានដឹងច្បាស់ពីភាពឈឺចាប់នៅពេលមានសាច់ញាតិរបស់ខ្លួន បានជួបរឿង អាក្រក់នេះ។

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានលើកឡើងថា ការលះបង់របស់លោក ខេមរៈ សេរីមន្ត ពិតជាទង្វើដ៏គំរូ និងជាការ ចូលរួមជួយសង្គមយ៉ាងមានឥទ្ធិពល ដោយលោកបានលើកឡើងថា ការនិយាយស្តី និងផ្ញើសាររបស់តារារូបនេះ ពិតជាមានតម្លៃដល់មហាជន។

ជាចុងក្រោយនោះ លោកបានមានប្រសាសន៍ថា លោក ខេមរៈ សេរីមន្ត ជាវីរយុវជន ដែលសិល្បករនានា គួរតែ យកតម្រាប់តាមតារារូបនេះ នូវទង្វើដ៏ប្រពៃរបស់លោក។

សូមបញ្ជាក់ផងដែរថា ក្រៅពីការគាំទ្រការប្រគំតន្រ្តី «តារាបៃតង» ដើម្បីផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ហើយនោះ  លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ការប្រគំតន្រ្តីនេះផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh