CamNews

ទូរស័ព្ទ 

Nokia នាំទូរស័ព្ទស៊ីម 2 ចំនួន 2 ម៉ូដែល មកជូនអតិថិជនកម្ពុជា

ថ្ងៃនេះ ក្រុមហ៊ុន Nokia បានប្រកាសថា ទូរស័ព្ទដៃស៊ីម 2 ចំនួន 2 ម៉ូដែលគឺ Nokia X1-01 និង Nokia C2-00 នឹងត្រូវចេញ លក់ក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ទូរស័ព្ទទាំង 2 ម៉ូដែលនេះ មិនត្រឹមតែអាចដាក់ស៊ីមកាតបាន 2 ឱ្យមានដំណើរការទន្ទឹមគ្នាតែមួយមុខប៉ុណ្ណោះទេ គឺថែមទាំងមានមុខងារកែកម្សាន្តដ៏សម្បូរបែបទៀតផង។


តំណាងក្រុមហ៊ុន Nokia នៅកម្ពុជាបានមានប្រសាសន៍ថា ៖ Nokia X1-01 និង Nokia C2-00 មានភ្ជាប់មកជាមួយស្រាប់នូវ Memoryទំហំ 2 GB មានថ្មកាន់ភ្លើងបានកាន់តែយូរ និងមានមុខងារសម្រាប់កែកម្សាន្តជាច្រើនទៀត។ ក្រៅពីនេះ ទូរស័ព្ទទាំង 2 ម៉ូដែលនេះ អាចចំណាំការកំណត់របស់លោកអ្នកទៅលើស៊ីមកាតដល់ទៅ 5 ស៊ីមកាត, អនុញ្ញាតឱ្យលោក អ្នកដាក់ឈ្មោះឱ្យស៊ីមកាតនីមួយៗ និងកំណត់លក្ខខណ្ឌនៃការហៅចេញ ការផ្ញើសារ ឬការបញ្ជូនទិន្នន័យផ្សេងៗ ។ល។

Nokia X1-01


ប្រើប្រាស់ Nokia X1-01 លោកអ្នកអាចកំណត់សញ្ញាសម្គាល់លើស៊ីមកាតនីមួយៗ ដូចជា រូបសញ្ញា (Logo), និមិត្តសញ្ញា បទចម្រៀង (Music signature) និងសម្លេងរោទិ៍ជាដើម ដែលលក្ខណៈពិសេសទាំងនេះមានតែនៅក្នុងទូរស័ព្ទ Nokia តែ ប៉ុណ្ណោះ។ វាគឺជាទូរស័ព្ទល្អសម្រាប់ចាក់បទចម្រៀង អាចផ្ទុកបទចម្រៀងបានរាប់ពាន់បទ ទ្រទ្រង់Memoryទំហំរហូតដល់ 16 GB អនុញ្ញាតឱ្យលោកអ្នករៀបចំបទចម្រៀងទៅតាមការចូលចិត្ត ហើយវាមានឧបល័រឮសូរខ្លាំងជាងនិងច្បាស់ ជាងឧបល័រនៃទូរស័ព្ទផ្សេងៗទៀតដែល Nokia ធ្លាប់បានផលិតក្នុងរយៈកាលកន្លងទៅ។ នៅលើទូរស័ព្ទផ្នែកចំហៀង មានប៊ូតុងចុច សម្រាប់ចាក់បទចម្រៀង ចំណែកថ្មទូរស័ព្ទវិញ គឺអាចចាក់បទចម្រៀងបានរហូតដល់ទៅ 36 ម៉ោង ឯណោះ។


Nokia C2-00

Nokia C2-00 គឺជាទូរស័ព្ទដៃស៊ីម 2 ដំបូងបង្អស់ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្តូរស៊ីមទីពីរដោយពុំចាំបាច់បិទទូរស័ព្ទ ឬដកថ្មចេញពីទូរស័ព្ទ។ កន្លែងសម្រាប់ដាក់ស៊ីមទីពីរគឺស្ថិតនៅចំហៀងនៃតួទូរស័ព្ទ បង្កលក្ខណៈងាយស្រួលក្នុងការប្តូរ ស៊ីមកាត ដោយមិនចំណាយពេលយូរ។ ប្រើប្រាស់ Nokia C2-00 លោកអ្នកអាចលេងអ៊ិនធឺណិត ឆែកអ៊ីមែល និងរីករាយ ជជែកកម្សាន្ត (Chat) លើស៊ីមកាតណាមួយក៏បាន។ លើសពីនេះ C2-00 ថែមទាំងទ្រទ្រង់Memoryដែលមានទំហំរហូត ដល់ 32 GB អាចផ្ទុករូបថតបានរាប់ពាន់ប៉ុស្ត៍ បទចម្រៀងរាប់ពាន់បទ និងឯកសារវីដេអូរាប់ពាន់គ្លីប។

ទូរស័ព្ទ Nokia នឹងត្រូវចេញលក់លើទីផ្សារនៅពាក់កណ្តាលខែមិថុនា ឆ្នាំ2011 ខាងមុខ។ ចំពោះតម្លៃលក់រាយ តំណាង ក្រុមហ៊ុន Nokia នៅកម្ពុជាបានបញ្ជាក់ថានឹងប្រកាសជូនអ្នកសារព័ត៌មាន និងអ្នកលក់រាយនៅដំណាច់ខែឧសភានេះ។

Tags: