CamNews

តារា 

ប៉ែន ចំរ៉ុង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ បង្កើន​ការគាំទ្រ​ភាពយន្ត​ខ្មែរ

ភ្នំពេញៈ តារាសម្តែងបុរសសង្ហា ពូកែនិយាយ កំប្លុកកំប្លែង ជាប់ងារជា នាយឡប់ លោក ប៉ែន ចំរ៉ុង ថ្មីៗនេះ បានរំលេចសារ អំពាវនាវមួយ ទៅដល់ ទស្សនិកជន និងប្រជាពលរដ្ឋខ្មែរ ដោយលោកបានស្នើ ឲ្យជួយគាំទ្រភាពយន្ត និង លើកទឹកចិត្ត ដល់សិល្បករ-សិល្បការិនីខ្មែរ ឲ្យកាន់តែច្រើន បន្ថែមទៀត ដើម្បីឲ្យវិស័យសិល្បៈរបស់យើង រីកចម្រើនទៅមុខ ក្នុងទីផ្សារពោរពេញ ដោយការប្រកួតប្រជែងនេះ។

ការថ្លែងបែបនេះ របស់តារាសម្តែង បុរសរូបសង្ហា លោក ប៉ែន ចំរ៉ុង បានធ្វើឡើង ក្រោយពេលដែល តារាសម្តែង និងជាអ្នកដឹកនាំរឿងជាច្រើន បានបង្ហាញពីការប្រឆាំង ដោយមិនពេញចិត្ត ចំពោះការវិលមកចាក់បញ្ចាំងភាពយន្តភាគថៃឡើងវិញ នៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក ដោយពួកគេសម្ដែងការព្រួយបារម្ភថា ភាពយន្តខ្មែរដឹងអាចធ្លាក់ដុនដាប ដូចកាលពីពេលមុន ។ ជាមួយគ្នានោះ ពិធីកររូបនេះ ក៏បានប្រាប់ឲ្យដឹង ពីអារម្មណ៍ របស់លោកថា "សម្រាប់ខ្ញុំ ក៏មិនសូវសប្បាយចិត្ត ដែរ ក្នុងការងាក មកផ្តើម ចាក់បញ្ចាំងភាពយន្តថៃឡើងវិញ ព្រោះថាពេលនេះ វិស័យភាពយន្ត របស់យើង កំពុងតែចាប់ផ្តើមមានទីផ្សារ និងភាព រីកចម្រើន តែបែរជាងាកមកបញ្ចាំង ភាពយន្តបរទេស (ថៃ) ឡើងវិញ វាពិតជាធ្វើឲ្យប៉ះពាល់សម្រាប់យើង "។

លោក ប៉ែន ចំរ៉ុង បានប្រាប់ឲ្យដឹងបន្តទៀតថា ការនិយាយបែបនេះ របស់លោក គឺមិនមែនមានន័យថា បដិសេធដាច់អហង្ការ ក្នុងការចាក់បញ្ចាំងទេ ។ "ប៉ុន្តែ អ្វីដែលខ្ញុំចង់ អំពាវនាវនោះ គឺស្នើឲ្យការចាក់បញ្ចាំង មានកម្រិត និងកំណត់ទៅតាម ពេលវេលា ក្រៅពីម៉ោងពិសេស ហើយម្យ៉ាងទៀត ការគាំទ្រពីពុកម៉ែបងប្អូន ក៏សំខាន់ដែរ ប្រសិនបើទស្សនិកជន ជួយគាំទ្រ អ្នកដឹកនាំក៏មានទឹកចិត្ត តួសម្តែងក៏មានទឹកចិត្តសម្តែង បន្តទៀត។ ដូច្នេះវិស័យសិល្បៈយើង ក៏រីកចម្រើនទៅតាមហ្នឹងដូចគ្នា"។

តារាប្រុស ដែលឆក់បាន តំណែងតួឯក បន្តកន្ទុយគ្នា ស្ទើរតែរកពេលសម្រាកគ្មាន រូបនេះ បានប្រាប់បន្ថែមទៀត ថា លោកសុំសំណូមពរ ដល់ទស្សនិកជន បន្តគាំទ្រ ភាពយន្តរបស់យើង ពិសេសវិស័យសិល្បៈទី៧ ឲ្យបានច្រើន ។ ទន្ទឹមមានការគាំទ្រច្រើន ផលិតករក៏មានទឹកចិត្ត ហើយផលិតទៅទទួលបាន ការគាំទ្រ ខាងផ្នែកសេដ្ឋកិច្ច ដំណើរការបានល្អ ពួកគាត់ក៏មានទឹកចិត្ត ធ្វើបន្ត។ ដូច្នេះកំលាំងចិត្ត គឺសំខាន់ណាស់ ហើយផ្ទុយទៅវិញ បើប្រជាពលរដ្ឋខ្មែរ ងាកទៅគាំទ្រសិល្បៈគេ តើសិល្បៈរបស់យើង និងទៅជាយ៉ាងណា? ពោលគឺប្រាកដ ជាមានភាពដុនដាបទៅៗ ជាមិនខាន ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh