CamNews

តារា 

ពេជ្រ សោភា ជួបទុក្ខធំ បានបង់ឪពុកជាទីស្រឡាញ់ ជារៀងរហូត

ភ្នំពេញ៖ តារាចម្រៀងល្បី ធ្លាប់តែសប្បាយច្រៀងរាំ លើឆាកតន្រ្តី ពេជ្រ សោភា ពេលនេះកំពុងតែជួបទុក្ខប៉ុនភ្នំ ដោយសារ តែលោកឪពុក ជាទីស្រលាញ់ពេញបេះដូង បានចាកចោលនាង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ម្សិលមិញ នេះ នៅក្នុងផ្ទះ របស់នាង ផ្ទាល់តែម្ដង។ លោក ស៊ូ សារិន ដែលជាឪពុក នាង ពេជ្រ សោភា ក្នុងឆ្នាំនេះ មានវ័យ៧០ឆ្នាំជាងហើយ ដែលអាចនិយាយបានថា ជាមនុស្ស ក្នុងវ័យជរា មានជំងឺដំកាត់ ជារឿងធម្មតា តែក្រុមគ្រួសារនាង បានព្យាយាមមើលថែ អស់ពីលទ្ធភាពទៅហើយ ទីបំផុតគាត់បាន ចាកចេញពីពួកកូន ទាំងអាល័យ។

តារាចម្រៀង ពេជ្រ សោភា រន្ធត់ចិត្តមិនតិចទេ ព្រោះនាងទើបតែចេញពីថត កម្មវិធីឲ្យ ស្ថានីយទូរទស្សន៍មួយ ស្រាប់តែក្រុមគ្រួសារខលប្រាប់ថា លោកឪពុក បានផុតដង្ហើម ទៅហើយ ធ្វើឲ្យនាង ស្ទើរតែគាំងបេះដូង នៅស្ថានីយទូរទស្សន៍នោះតែម្ដង ។ ប្រភពពីក្រុមគ្រួសារ បាននិយាយប្រាប់ LookingTODAY ថា គ្រួសារនាង ព្យាយាមមើលជំងឺលោកឪពុកខ្លាំងណាស់ អស់មិនតិចជាង ៥ម៉ឺនដុល្លារទេ ដើម្បីឲ្យឪពុកជាសះស្បើយ តែអ្វីដែល នាងបានធ្វើ គឺមិនឈ្នះមច្ចុរាជ ដែលតាមយាយី ពុកនាងនោះទេ ។

ពេជ្រ សោភា បាននិយាយប្រាប់ LookingTODAY ថា ឪពុករបស់នាង ទៅបានសុខហើយ ទៅកន្លែងដែលផុតទុក្ខ ផុតសោក នាងសង្ឃឹមថា បើមាន ជាតិក្រោយមែន..! នាងសុំកើតជា កូនពុកម្ដងទៀត ព្រោះពុកនេះហើយជាអ្នក ផ្ដល់អ្វីៗគ្រប់យ៉ាងដល់នាង គ្មានអ្នកណា ប្រៀបផ្ទឹមបាននោះទេ ព្រោះបុរសម្នាក់នេះ បានលះបង់អ្វីគ្រប់បែបយ៉ាង ដើម្បីកូនៗសូម្បីតែធ្វើសំណង់ រុញអំពៅលក់ ឲ្យតែបានលុយ ដើម្បីចិញ្ចឹមកូនៗ និងគ្រួសារ ។

សព ឪពុក ពេជ្រ សោភា នឹងយកទៅបញ្ចុះ នៅរសៀលនេះហើយ សម្រាប់មិត្តក្នុងសិល្បៈ ហាក់មិនទាន់ដឹង រឿងនេះនៅឡើយទេ ខណៈកាលពី ម្សិលមិញ ពុំមានវត្តមានតារាសិល្បៈណាទេទៅចូលរូមក្នុងពិធីបុណ្យនេះ។ ម្យ៉ាង ពេជ្រ សោភា មិនសូវចេះរញ៉េរញ៉ៃ ដូចអ្នកសិល្បៈដទៃ នាងចូលចិត្ត ធ្វើអ្វីស្ងប់ស្ងាត់ តាមបែបមនុស្សធម្មតា ។

យ៉ាងណាមិញ គេហទំព័រ LookingTODAY សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះ ជាមួយ ពេជ្រ សោភា ក៏ដូចជាក្រុមគ្រួសារ និងសូមឲ្យដួង វិញ្ញាណក្ខន្ធ លោកឪពុករបស់នាង បានទៅកាន់ត្រើយសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

 

 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news