CamNews

ភាពយន្ត 

"ស្បែកគង់" ខ្សែភាពយន្តខ្មែរ ចាយទុនជិត៧០ម៉ឺនដុល្លារ បញ្ជ្រាបចូល ទីផ្សារភាពយន្ត អន្តរជាតិ (មានវីដេអូ)

ភ្នំពេញ៖ ព្រឹកថ្ងៃទី១១ខែសីហា ឆ្នាំ២០១៤ នៅសណ្ឋារគារ Sofitel Phnom Penh Phukeetra ក្រុមហ៊ុន Ankor Picture Inc. បានប្រារព្ធពិធីសន្និសីទសារព័ត៌មាន ស្តីពីខ្សែភាពយន្តខ្នាតធំ លំដាប់អន្តរជាតិលើកដំបូង រឿង"ស្បែកគង់" ដែលមានការចូលរួម ជាគណអធិបតី ដោយ លោក សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ,លោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ,លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន Khmer Brewery Limited។

លោក ប៉ុល វិបូ អគ្គនាយកក្រុមហ៊ុន Angkor Picture Inc. និងជាផលិតករ ខ្សែភាពយន្តខ្មែរខ្នាតធំរឿង "ស្បែកគង់" បានមានប្រសាសន៍ថា ខ្សែភាពយន្តនេះ បានផលិតយ៉ាងសម្រិតសម្រាំង អស់រយៈពេលមួយឆ្នាំ ដោយប្រើប្រភេទកាមេរ៉ាទំនើប លំដាប់ Hollywood ទំហំ ៤.៥k និងប្រើប្រព័ន្ធសំឡេង Dolby Digital Surround Sound ៧.១ version ដោយចំណាយថវិកា អស់ប្រមាណ៦៨ម៉ឺនដុល្លារ។ ខែ្សភាពយន្តនេះ គឺជាខ្សែភាពយន្តខ្នាតធំ លើកដំបូង ដែលបានទទួលបានការគាំទ្រ ទាំងនៅក្នុងប្រទេសកម្ពុជា និង សកលលោក ។ ថ្មីៗនេះ ខ្សែភាពយន្ត ត្រូវបានទូរទស្សន៍CCTV និង CNTV របស់ប្រទេសចិន ទូរទស្សន៍ប៉ុស្តិ៍ DW (Deutsche Welle) របស់ប្រទេសអាល្លឺម៉ង់ ទូរទស្សន៍ប៉ុស្តិ៍ LNT Latvia របស់ប្រទេស Latvia និងទូរទស្សន៍ប៉ុស្តិ៍ Sun TV របស់ប្រទេសឥណ្ឌា បានផ្សព្វផ្សាយក្នុងទូទាំង ប្រទេសរបស់ពួកគេ។

លោក ប៉ុល វិបូ បញ្ជាក់ថា "ស្បែកគង់" គឺមានន័យថា "កាប់មិនមុត ដុតមិនឆេះ" ខ្សែរភាពយន្តរឿង "ស្បែកគង់" និយាយអំពី ក្រោយសម័យរបប ប៉ុល ពត មានលោកគ្រូស្បែកគង់ម្នាក់ មានមន្តអាគមខ្លាំងពូកែអស្ចារ្យ រស់នៅលើកំពូលភ្នំ គូលែន បានទទួលសិស្សចំនួនប្រាំបីនាក់ ដើម្បីរៀនមន្តអាគមបន្ត។ ប៉ុន្តែដោយសារមិនអាចទ្រាំទ្រ នឹងការហ្វឹកហ្វឿនយ៉ាងលំបាក ដូចជា ត្រូវកប់ក្នុងដីចំនួន៤៩ថ្ងៃ ក្រោមកំដៅថ្ងៃភ្លៀងខ្យល់ គ្មានអាហារ មានតែទឹកថ្នាំវល្លិ៍គង់ ហើយត្រូវប្រឈមនឹងសត្វ អសិរពិសក្នុងព្រៃជ្រៅទៀតនោះ សិស្សចំនួនប្រាំមួយនាក់ បានបាត់បង់ជីវិត។ ចុងក្រោយ មានតែសិស្សពីរនាក់គត់ ដែលបានសំរេចវិជ្ជាស្បែកគង់នេះ។ ប៉ុន្តែសិស្សទាំងពីរនាក់នោះ បានក្លាយជាសត្រូវស៊ីសាច់ហុតឈាមគ្នា ដោយសារតែការដណ្តើមកូនស្រី ដ៏ស្រស់ស្អាតរបស់លោកគ្រូស្បែកគង់ ក្រោយពេលគាត់ស្លាប់។

លោកបន្ថែមថា ខ្សែភាពយន្តខ្នាតធំ ជាខ្សែភាពយន្តបែបកំប្លែង សើចចុកពោះ និងមានឈុតវាយបាញ់ប្រហារ ស្តែងៗ និងឈុតកំសត់ហូរទឹកភ្នែក គ្រប់រសជាតិ។ ខ្សែភាពយន្តនេះ និងចាក់បញ្ចាំង ជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៤ រួមគ្នានៅរោងភាពយន្ត Legend Cinema គ្រប់សាខា រោងភាពយន្ត Platinum Cineplex រោងភាពយន្ត Major Cineplex រោងភាពយន្ត LUX និងរោងភាពយន្ត បារ៉ាយអណ្តែត ខេត្តសៀមរាប។ ខ្សែភាពយន្តនេះ ក៏នឹងចាក់បញ្ចាំង នៅព្រះរាជាចក្រថៃឡងដ៏ នៅថ្ងៃទី២៣ខែតុលា ឆ្នាំ២០១៤ និងបណ្តាប្រទេស មួយចំនួនទៀត។

ដោយឡែកលោក ឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន Khmer Brewery Limited បានថ្លែងថា ក្រុមហ៊ុនខ្មែរប្រូវឺរឺ លីមីធីត ដែលផលិតស្រាបៀរកម្ពុជា ប្រកបដោយគុណភាព និងអនាម័យខ្ពស់ ទទួលបានមេដាយមាស នៅទីក្រុងឡុងដុន ចក្រភពអង់គ្លេស បានគាំទ្រការផលិតខ្សែភាពយន្តនេះ យ៉ាងពេញទំហឹង ដើម្បីលើកស្ទួយវិស័យសិល្បៈភាពយន្តខ្មែរ សិល្បករខ្មែរ យោងតាមស្មារតី ខ្មែរគាំទ្រផលិតផលខ្មែរ ខ្មែរជួយខ្មែរ ដើម្បីការអភិវឌ្ឍន៍ជីវភាពប្រជាជនខ្មែរ និងប្រទេសខ្មែរ។

លោកឧកញ៉ា បានសម្ដែងក្ដីសង្ឃឹមថា នាពេលអនាគតដ៏ខ្លី តាមរយៈខ្សែភាពយន្តខ្មែរ ប្រទេសកម្ពុជា នឹងទទួលបាន ប្រាក់ចំណូលយ៉ាង ច្រើនសន្ធឹកសន្ធាប់ តាមរយៈការហូរចូលនូវភ្ញៀវទេសចរណ៍ ដែលបានទស្សនាខ្សែភាពយន្តខ្មែរ ទូទាំងពិភពលោក និងការវិនិយោគ របស់ផលិតករបរទេស មកក្នុងប្រទេសកម្ពុជាកាន់តែច្រើន។

ខ្សែភាពយន្តខ្នាតធំរឿង "ស្បែកគង់" ចូលរួមសម្តែង ដោយកំពូលតារាល្បីៗជាច្រើនដួង ដូចជា លោក អ៊ុន សុទ្ធា កញ្ញា ឌុច លីដា លោក ញ៉ែម សុគន្ធ នាយគ្រឿន នាយក្រូច អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាង កាតុ រួមនឹងតារាល្បីៗជាច្រើនរូបទៀត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh