CamNews

កីឡាអន្តរជាតិ 

ស្តេចប្រដាល់ Pacquiao គ្រោងឡើងវ៉ៃ​ដណ្តើមខ្សែក្រវាត់ IBF ពីជើង​ខ្លាំងអង់គ្លេសBrook ក្នុងខែតុលា​ខាងមុខ

(ម៉ានីល)៖ កីឡាករប្រដាល់លំដាប់លេខ២ ពិភពលោក Manny Pacquiao គ្រោងឡើងវ៉ៃដណ្តើមខ្សែក្រវាត់នៃស្ថាប័ន IBF ពីជើងខ្លាំងរបស់ចក្រភពអង់គ្លេស Kell Brook នៅក្នុងខែតុលា ចុងឆ្នាំ២០១៧ ខាងមុខ នេះបើយោងតាមសារព័ត៌មាន Dailymail ដែលបាន​ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករានេះ។

សូមបញ្ជាក់ថា ការផ្គូផ្គងដើម្បីឲ្យកីឡាករប្រដាល់សកលជើងខ្លាំងទាំងពីរខាងលើជួបគ្នានោះ កំពុងស្ថិតក្នុងការចរចា នៅឡើយ ដែលនឹងអាចធ្វើឡើង​ជាផ្លូវការចុងឆ្នាំនេះ នៅលើសង្វៀនស្ថិតក្នុងប្រទេសអង់គ្លេសផ្ទាល់តែម្តង ហើយវា ក៏ជាផ្នែកមួយនៃការឡើងវាយឆ្លងឆ្នាំរបស់កីឡាករ​ជនជាតិ​ហ្វីលីពីន វ័យ៣៨ឆ្នាំ Pacquiao ផងដែរ។

លោក Eddie Hearn អ្នកផ្គូផ្គងរបស់កីឡាករវ័យ៣០ឆ្នាំ Kell Brook បានថ្លែងប្រាប់សារព័ត៌មាន Sportmail កាលពី ពុធម្សិលមិញថា រូបលោក​កំពុងតែជួបពិភាក្សាគ្នាជាមួយម្ចាស់ភាគហ៊ុន Top Rank លោក Bob Arum អំពីការផ្គូផ្គងឲ្យ ម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យម IBF ពិភពលោក Brook ជួបគ្នាទល់នឹងម្ចាស់ខ្សែក្រវាត់ WBO, Pacquiao ក្នុងឆ្នាំនេះ ដែលអាចនិយាយបានថា ជាគូដ៏ជក់ចិត្តសម្រាប់ឆ្នាំ២០១៧ នេះទៀតផង។

តែយ៉ាងណាមិញ សមាជិកព្រឹទ្ធសភាហ្វីលីពីន Manny Pacquiao ក៏បានព្រមព្រៀងឡើងវ៉ៃទល់នឹងកីឡាករ Jeff Horn នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ផងដែរ គឺមានរយៈពេល ៥ខែ បន្ទាប់ពីរូបគេដណ្តើមបានខ្សែក្រវាត់ WBO ពីជើងខ្លាំងអាមេរិក Jessie Vargas កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ។

កីឡាករ Manny Pacquiao ធ្លាប់ឡើងវ៉ៃបានចំនួន ៦៨ប្រកួតមកហើយ ដោយក្នុងនោះដែរធ្លាប់ឈ្នះ៥៩ដង ស្មើ២ដង និងចាញ់ ៦ដង ដោយធ្លាប់​ផ្តួល​ដៃគូឲ្យសន្លប់នៅលើសង្វៀនបាន ៣៨ដង គ្រាដែលគូប្រជែង Kell Brook កម្ពស់ ១,៧៩ម៉ែត្រ ធ្លាប់ប្រកួតបាន ៣៧ដង ឈ្នះ៣៦ដង មិនដែលស្មើ និងធ្លាប់ចាញ់តែម្តងគត់ ធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ២៥ដង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Pacquiao