CamNews

ព័ត៌មានអន្តរជាតិ 

ហុងកុង អាចជួបគ្រោះធំ ព្រោះតែ ហៃម៉ា ដែលបានសម្លាប់ មនុស្ស ១២នាក់រួចទៅហើយ​ នៅហ្វីលីពីន

ព័ត៌មានអន្តរជាតិ ៖ Haima ដែលត្រូវបានគេស្គាល់ថា ជាព្យុះទីហ្វុងដ៏មានឥទ្ធិពលខ្លាំងបំផុត ក្នុងរយៈ ពេល៣ឆ្នាំចុងក្រោយនេះ ប្រចាំប្រទេសហ្វីលីពីន វាបានវាយប្រហារសម្លាប់មនុស្ស ១២ នាក់ ខណៈ វាលស្រែចម្ការរាប់រយហិចតា រងនូវការបំផ្លិចបំផ្លាញ នេះបើយោងតាមមន្រ្តីគូសបញ្ជាក់ពីទីក្រុង ម៉ានីល នៅព្រឹកថ្ងៃសុក្រនេះ ។ ប្រភពពីមន្រ្តីដដែលបន្តឲ្យដឹងថា ព្យុះទីហ្វុង Haima កំពុងតែពង្រីកមាឌនៃឥទ្ធិ ពលរបស់ខ្លួនរួចឆ្ពោះទៅកាន់ទីក្រុង ហុងកុង ហើយ ។ 



អាជ្ញាធរប្រទេសហ្វីលីពីន ឲ្យដឹងថា ពួកគេកំពុងតែធ្វើការវាយតម្លៃទៅលើទំហំនៃការខូចខាតទាំងស្រុង ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងវាលស្រែចម្ការ ខណៈមានការអះអាងជាជំហានដំបូងឲ្យដឹងថា វាលស្រែ ចម្ការច្រើនពាន់ហិចតា រងនូវការខូចខាតនៅឯភាគខាងជើងខេត្ត ។ ប្រភពពីមន្រ្តីជាន់ខ្ពស់ លោក Ricardo Jalad ដែលជាប្រធានក្រុមប្រឹក្សារៀបចំ និងកាត់បន្ថយហានិភ័យគ្រោះធម្មជាតិថ្នាក់ ជាតិឲ្យដឹងថា ជនរងគ្រោះ ៨នាក់ដែលបានស្លាប់ មានវត្តមានមកពីតំបន់ Cordillera ។ 

យ៉ាងណាមិញ នៅតំបន់ Cagayan ឯណោះវិញ ការវាយប្រហារដោយព្យុះទីហ្វុងខាងលើ កាលពីយប់ ថ្ងៃពុធនោះ បានបណ្តាលឲ្យមានការបាក់ដី ខណៈកម្លាំងខ្យល់ខ្លាំងដល់ទៅ ១៤០ គ.មក្នុងមួយម៉ោង នោះ បាននាំមកនូវព្យុះភ្លៀង បណ្តាលឲ្យដីស្រែ ប្រមាណ ៥០,០០០-៦០,០០០ហិចតា រងនូវការជន់ លិច ។ 

ខណៈព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយនេះបានវាយប្រហារ ប្រទេសហ្វីលីពីន យ៉ាងដំណំនោះ វាចាប់ផ្តើម ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង ហុងកុងហើយ នាពេលនេះ ខណៈទីក្រុងហុងកុងទាំងស្រុងកំពុងតែ ប្រឈមមុខខ្លាំង ទៅនឹងព្យុះទីហ្វុងដ៏កំណាចលើកនេះ តួយ៉ាង រាល់សេវាកម្មនៅទីក្រុង ហុងកុង ត្រូវ បានបិទ ។ 

បើយោងតាមការព្យាករណ៍បច្ចុប្បន្នភាព ឲ្យដឹងថា ព្យុះទីហ្វុង Haima នឹងបង្ហាញវត្តមានវាយប្រហារ របស់ខ្លួនជិតទីក្រុងហុងកុង នារសៀលថ្ងៃសុក្រនេះហើយ ខណៈនឹងមានកម្លាំងខ្យល់បក់ខ្លាំងដល់ទៅ ១០០គ.មក្នុងមួយម៉ោង ទៅកាន់ភាគខាងកើត ទីក្រុង ហុងកុង ។ សេវាដឹកជញ្ជូនសាធារណ ក្នុងនោះ រួមមានដូចជា ជើងហោះហើរ យន្តហោះ និង រថភ្លើងនោះ ត្រូវបានលុបចោល ទាំងចេញ និង ចូល ទៅ ទីក្រុង ហុងកុង ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA 


Tags: Hong Kong Cathay Pacific London Baby