CamNews

តារា 

ប្រាក់ មុន្នីឧត្តម បញ្ជាក់ជំហរថា ទោះបីការងារសិល្បៈរីកចម្រើនខ្លាំង ក៏មិនបោះបង់អាជីពជាកីឡាករដែរ

(ភ្នំពេញ)៖ ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្លឹប​កីឡាបាល់ទាត់ ​ខេត្តស្វាយរៀង ​និង​ជា​ ខ្សែប្រយុទ្ធ​ជម្រើសជាតិ​U-23​កីឡាករ លោក ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​វិវត្តន៍​ខ្លួន ពីកីឡាករទៅជាតារាសម្តែង ​ដោយស្នាដៃដំបូងរបស់លោកនៅក្នុងរឿង «មេកប់ស៊េរី» ​​​ហើយមានការគាំទ្រការសម្តែងរបស់​លោក និងប្រាថ្នាចង់ទស្សនា ការសម្តែងរឿងរបស់លោក នៅពេលក្រោយៗទៀតផងដែរ។ ប៉ុន្តែទន្ទឹមនឹងមាន​ការគាំទ្រនោះ កីឡាកររាងខ្ពស់សង្ហា​ លោក ប្រាក់ មុន្នីឧត្តម បែរជា​បញ្ជាក់ជំហថា ការសម្តែងគ្រាន់​តែជាអាជីពបន្ទាប់បន្សំប៉ុណ្ណោះ សម្រាប់លោកអាជីព​ ជាកីឡាករសំខាន់ជាង ហើយ​បើលោកចូលរួមសម្តែង ទាល់តែ​មាន​ការទំនេរពី​ការងារកីឡារ ទើបលោកទទួល។

ជួប​ជាមួយក្រុមអ្នកសារព័ត៌មាន នៅក្នុងកម្មវិធីសម្ពោធរឿង «មេកប់ស៊េរី» នៅរោងភាពយន្ត Major​ Cineplex Aeon Mall​ ជាន់ទី២ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥នេះ លោក ប្រាក់ មុន្នីឧត្តម បានប្រាប់ពី​ចំណាប់​អារម្មណ៍​ នៅក្នុងការសម្តែងថា លោកពិតជាមានអារម្មណ៍ សប្បាយរីករាយខ្លាំងមែនទែន សម្រាប់ថ្ងៃសម្ពោធ​រឿងលើកទី​១​ របស់លោកនៅថ្ងៃនេះ ជាការពិតការសម្តែងរឿងមួយៗ មិនមែនជារឿងងាយស្រួលទេ ជាក់ស្តែងដូចលោក មិនមានបទពិសោធន៍ ក្នុងការសម្តែង​ស្រាប់ផង ទើបខាងផលិតកម្មតម្រូវ ឲ្យលោកសម្តែងជាតួបុរសគ ដោយ​បង្រៀនកាយវិកា​ ជំនួសការនិយាយ។

កីឡាករបុរសសង្ហា​ ដែលកំពុងតែមានឈ្មោះល្បី និងមានប្រជាប្រិយភាពកាន់តែខ្លាំង រូបនេះ បានប្រាប់ឲ្យ​ដឹង​ទៀតថា «ខ្ញុំដូចមិនសូវច្បាស់ទេថា រឿងនេះ អាចទទួលបានការគាំទ្រកម្រិតណាទេ ហើយខ្ញុំក៏មិនច្បាស់ថា ក្រោយពី​រឿងនេះចាក់បញ្ចាំង មានខាងផលិតកម្មណា ទាក់ទងហៅខ្ញុំថតទៀត ឬយ៉ាងណាទេ ហើយប្រសិន​បើ​មាន​គេ​ទាក់ទងមកមែន ខ្ញុំមិនច្បាស់ថា អាចថតបានឬអត់ ព្រោះថាការងារសម្តែងរឿងនេះ ​ខ្ញុំទទួលតែពេល​ទំនេរ ​ពីអាជីពកីឡាករតែប៉ុណ្ណោះ​»

នៅពេលសួរដល់រឿងថា ប្រសិនបើអាជីពសម្តែង ទទួលបានជោគជ័យ និងការគាំទ្រច្រើន តើលោកអាច​បោះបង់​អាជីព ជាកីឡាករទាំងស្រុង មកស្រវ៉ាអាជីពសិល្បៈ ដែរឬទេ លោកបានប្រាប់ឲ្យដឹងថា «ដាច់ខាតខ្ញុំមិនបោះបង់ ចោលអាជីពជាកីឡាករ មកស្រវ៉ាការសម្តែង​ទេ ព្រោះថាខ្ញុំស្រលាញ់កីឡាខ្លាំងណាស់ តាំងពីតូចមក​មិន​អាចបោះបង់វាចោលឡើយ ប៉ុន្តែបើនៅក្នុងករណីដែលខ្ញុំ ទំនេរអាចឆ្លៀតពេលហាត់រៀន សម្តែងបន្ថែមហើយ អាច​ទទួលការសម្តែងបានខ្លះៗ សិនបើការងារ ខាងកីឡាករទំនេរ...​»

សូមជម្រាបផងដែរថា ខ្សែភាពយន្តរឿង «មេកប់ស៊េរី» នេះដែលនឹងចាប់ផ្តើម ចាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅរោងភាពយន្ត Major​ Cineplex រោងភាពយន្តផ្លាទីនីមភ្នំពេញ និងសៀមរាប រោងភាពយន្តលេជេន ទាំង៣ទីតាំង ហេតុដូច្នេះទស្សនិកជន និងមិត្តៗយុវវ័យអាចទៅទស្សនា តាមបណ្តារោងកុន ខាងលើនេះ​បាន៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញូវ


Tags: Cambodia Social News PP