CamNews

ព័ត៌មានអន្តរជាតិ 

បងប្រុសរបស់លោក George Floyd ស្នើឱ្យមានការស៊ើបអង្កេតរបស់ UN ចំពោះការសម្លាប់របស់ប៉ូលីស នៅអាមេរិក

អំឡុងកិច្ចពិភាក្សាវែកញែករបស់ប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ លោក Philonise Floyd បានចូលរួមកិច្ចពិភាក្សាវែកញែកនោះតាមរយៈវីដេអូ ដើម្បីស្នើឱ្យអង្គការសហប្រជាជាតិបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីពិនិត្យឡើងវិញនូវការសម្លាប់របស់មន្រ្ដីប៉ូលីសទៅលើពលរដ្ឋស្បែកខ្មៅ នៅសហរដ្ឋអាមេរិក ព្រមទាំងការប្រើអំពើហិង្សាដាក់ក្រុមអ្នកតវ៉ា នាពេលថ្មីៗនេះ ។



Philonise Floyd គឺជាបងប្រុសបង្កើតរបស់លោក George Floyd ជាបុរសស្បែកខ្មៅម្នាក់ ដែលត្រូវបានសម្លាប់ដោយមន្រ្ដីប៉ូលីសស្បែកស នៅរដ្ឋ Minneapolis នៅខែឧសភាឆ្នាំនេះ ។ ការស្លាប់របស់លោក និងការស្លាប់របស់មនុស្សប៉ុន្មាននាក់ទៀតដោយស្នាដៃរបស់ប៉ូលីស បាននាំឱ្យផ្ទុះការតវ៉ា នៅទូទាំងប្រទេស ព្រមទាំង នាំឱ្យមានការធ្វើកំណែទម្រង់ លើមន្រ្ដីនគរបាលផងដែរ​ ។ លោក Philonise បានរៀបរាប់ថា មន្រ្ដីប៉ូលីស ដែលសម្លាប់ប្អូនប្រុសរបស់លោក ពុំត្រូវបានបញ្ចេញពីការងារនោះទេ រហូតដល់មានការតវ៉ាទ្រង់ទ្រាងធំ នៅជុំវិញពិភពលោក កើតមានឡើង ។

 ក្រុមអង្គការអាហ្រ្វីក បានដាក់ជូន ពង្រាងសេចក្ដីសម្រេចចិត្ដ ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីវាយតម្លៃអំពើហិង្សារបស់មន្រ្ដីនគរបាល និងជាតិសាសន៍និយមជាប្រព័ន្ធ នៅសហរដ្ឋអាមេរិក ។ ស្រដៀងគ្នានេះ ស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចេញរបាយការណ៍មួយកាលពីថ្ងៃពុធ ដោយអំពាវនាវអោយបណ្ដាប្រទេសទូទាំងពិភពលោក រាយការណ៍អំពីប្រវត្ដិទាសភាព និងអនានិគមនិយមរបស់ប្រទេសខ្លួន ៕



 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist