(ភ្នំពេញ)៖ បន្ទាប់ពីសំងំស្ងាត់អស់ មួយរយៈពេលខ្លី ជុំវិញរឿងរ៉ាវរិះគន់លើភាពសិចស៊ី សម្ញែងដើមទ្រូងស្លៀកពាក់ខើចខ្លី របស់តារាសម្តែង កញ្ញា ដេននី ខ្វាន់ រួចមក ស្រាប់តែថ្មីៗនេះ សម្រាប់តារាសម្តែងរាងតូចច្រឡឹង ចង្កេះអង្រងចង្កាស្រួចរូបនេះ បានពើបប្រទះនូវរឿងអាស្រូវមួយទៀត គឺមានម្ចាស់ Accuont Facebook មួយមានឈ្មោះថា Ly Chan Vatey បានបង្ហោះសារសរសេររិះគន់ លើរូបថតសិចស៊ីរបស់នាង ជាសាធារណៈ ធ្វើឲ្យ ដេននី ឆួលចុងច្រមុះព្រមានប្តឹងស្រ្តីម្នាក់នោះ ចាត់ការតាមផ្លូវច្បាប់។
តារាសម្តែងស្រីចាយរូបសម្រស់សាចសខ្ចី ដូចបណ្ដូលចេក កញ្ញា ដេននី ខ្វាន់ ត្រូវបានគេសង្កេតឃើញថា នាងហាក់ជួបប្រទះនូវរឿងរ៉ាវ អាស្រូវស្នេហាផ្ទួនៗគ្នាឥតដាច់ ចាប់តាំងពីនាង ផ្តើមចូលប្រឡូកវិស័យសិល្បៈដំបូង ជាមួយការបង្ហាញរូបភាពសិចស៊ីប្លែកៗ បែបនារីអ៊ឺរ៉ុបជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតត្រូវបានទស្សនិកជនស្គាល់ច្រើន នឹងមានឱកាសគ្រងតំណែងជាតួឯក កាលពីពេលថ្មីៗមកនេះ។
សម្រាប់រឿងថ្មីដែលបានកើតឡើងបន្តទៀត លើតារាសម្តែងស្រី កញ្ញា ដេននី ខណៈដែលម្ចាស់ Accuont Facebook មួយមានឈ្មោះថា Ly Chan Vatey បានយករូបថតសម្ញែងភាពសិចស៊ីចរបស់នាង ស្លៀកពាក់តែឈុតប៊ីគីនី ជាច្រើនសន្លឹកបង្ហោះនៅលើសង្គមហ្វេសប៊ុក ដោយភា្ជប់ជាមួយការសរសេរពាក្យខ្លីថា «អាសូរវប្បធម៌ខ្មែរខ្ញុំ មិនចង់រិះគន់រឿងសិល្បៈនោះទេ តែនេះដូចជ្រុលពេកហើយ បងស្រីអើយ..!» ។
តាមរយៈការបង្ហោះរូប ភ្ជាប់ជាមួយពាក្យខាងលើ ភ្លាមៗនោះគេសង្កេតឃើញតារាស្រី ដេននី ខ្វាន់ បានបញ្ចេញប្រតិកម្មឆ្លើយតប ទាំងការចេញជាឃ្លីបវីដេអូ និងសរសេរសារជាច្រើន បង្ហោះនៅលើហ្វេសប៊ុក ជាសារធារណៈ។ ពិសេសជាងនេះទៀតស្រីស្រស់ ដេននី ក៏បានប្រកាសព្រមានប្តឹងម្ចាស់ Accuont Facebook មួយមានឈ្មោះ Ly Chan Vatey ទៅតុលាការទៀតផង។
តារាសម្តែងនាង ដេននី ខ្វាន់ បានសរសេរនៅលើហ្វេសប៊ុកថា «Ly Chan Vatey អើយជិតបានជួបរឿងល្អមើលហើយ...មិនថានាងមានខ្នង ជាអ្នកណាទេ បើមិនទាន់ដឹងច្បាស់ ពីច្បាប់នៃការយករូបគេទៅបរិហាកេរ្តិ៍ និងយកទៅpost បន្តដោយគ្មានកាអនុញ្ញាត ពីម្ចាស់រូប តើមានទោសអ្វីខ្លះ តិច(បន្តិច)ទៀតដឹងហើយ...ហើយក៏គ្រាន់តែចង់ប្រាប់ថា បើគេហ៊ានលូកដៃរឿងហ្នឹង ធានាថាងើបមុខមិនរួចជាក់ជាមិនខាន .នាងសត្វមមាចកុំមកចង់ប្រឡែងលេងនឹងភ្លើង ដូចជាយើងនាងឯងស្គាល់យើងតិចពេកហើយ យើងនឹងបង្រៀននាងឲ្យស្គាល់ពីច្បាប់..»។
ឆ្លើយតបនឹងការព្រមានប្តឹង ពីសំណាក់តារាស្រីនាង ដេននី ខ្វាន់ ខាងលើនេះម្ចាស់ Accuont Facebook ឈ្មោះ Ly Chan Vatey បានសរសេរនៅលើហ្វេសប៊ុកថា «ចង់លេងផ្លូវច្បាប់ ខ្ញុំកំដរបាន។ បញ្ជាក់ ខ្ញុំជាកូនអ្នកកសិករធម្មតា គ្មានខ្នងធំ ខ្នងក្រាស់ ខ្នឹងរឹង ដូចគេទេ ខ្ញុំមានតែបងប្អូន នៅក្នុងហ្វេសប៊ុករាប់ម៉ឺននាក់ជាខ្នងរបស់ខ្ញុំ។ ខ្ញុំស្អប់បំផុត អ្នកដែលមើលងាយអ្នកក្រ អ្នកដែលអាងខ្សែ អាងខ្នង បំភ្លៃការពិត ស ទៅជាខ្មៅ ..!»។
ម្ចាស់ Facebook ឈ្មោះ លី ច័ន្ទវត្តី បានបញ្ជាក់ទៀតថា «សម្រាប់ខ្ញុំគឺខ្ញុំរិះគន់ដើម្បីស្ថាបនា ខ្ញុំរិះគន់ព្រោះតែខ្ញុំស្រឡាញ់ជាតិស្រឡាញ់វប្បធម៌ ខ្ញុំរិះគន់ព្រោះខ្ញុំជាខ្មែរ មានឈាមខ្មែរ ហើយការដែលខ្ញុំរិះគន់ ក៏ព្រោះតែអ្នកនោះ ជាខ្មែរដែលវង្វែង វប្បធម៌ វង្វែងឈ្លក់លង់នឹងអរិយធម៌ បរទេស ស៊ិចស៊ីហួសដែនកំណត់ លង់នឹងសម្បកកាយដែលជារបស់កម្ចីពីធម្មជាតិ។ ខ្ញុំនឹងនៅតែបន្តរិះគន់ ដល់បុគ្គលណាដែលវង្វែងលើរឿងអស់ទាំងនោះ ហើយបើបុគ្គលណាមួយ មិនពេញចិត្តនឹងគំនិត សម្បជញ្ញៈ និងគោលជំហររបស់ខ្ញុំទេ សូមអញ្ជើញ Unfriend ឬក៏យកល្អ Block ខ្ញុំចោលក៏បាន..»។
នាងបន្ថែមថា «ខ្ញុំមិនមានន័យថាឲ្យស្លៀកដូចសម័យដើមទេ ស្លៀកស៊ិចស៊ីៗចុះ តែកំជ្រុល នេះបិទតែប្រដាប់ភេទតែប៉ុណ្ណោះ ហើយបើថតៗចុះ តែកុំផុសជាសាធារណៈ ក្នុងហ្វេសប៊ុកបែបនេះ ហើយបើផុសជាសាធាណៈ អ្នកត្រូវហ៊ានទទួលយកនូវការរិះគន់ទាំងគំទ្រ និងមិនគាំទ្រ មិនមែនរកប្តឹងអ្នកមិនពេញចិត្តនោះទេ
ហើយកុំយកខ្មែរ ទៅប្រៀបធៀបនឹងប្រទេសដទៃ ប្រទេសគេមានច្បាប់ទេសចរណ៍ផ្លូវភេទ តែខ្មែរគ្មានទេ អំពើរបស់អ្នកវាខុសច្បាប់ទៅហើយ យល់បាន?
ខ្ញុំសុំតែកុំឲ្យអ្នកធ្វើអ្វី កុំឲ្យជ្រុលពេកតែប៉ុណ្ណោះ យល់ពាក្យជ្រុលអត់ បើចង់ប្តឹង ចាប់ខ្ញុំដាក់គុកដោយប្រើខ្សែ ខ្នងធំរបស់អ្នក ចាប់ចុះខ្ញុំរីករាយនឹងប្រឈមមុខ ជាមួយអ្នកក្នុងផ្លូវច្បាប់ ។ សូមបញ្ជាក់ រូបភាពនេះយកពីហ្វេសប៊ុក និងតាមវេបសាយ ដែលគេបង្ហោះរិះគន់ ស្ទើរពេញប្រទេសហើយ..!»។
ទោះបីជាយ៉ាងណា គេនៅមិនទាន់ឃើញមានសារអ្វីថ្មី បង្ហោះឡើងឆ្លើយឆ្លងបន្ថែមពីនេះទៀតទេ គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ហើយមហាជនក៏កំពុងតែចាំមើលថា រឿងនេះនឹងទៅជាយ៉ាងណា តើអាចឡើងដល់តុលាការដែរឬទេ បើម្នាក់ៗសុទ្ធតែបង្ហាញជំហរត្រូវរៀងៗខ្លួន ជុំវិញជម្លោះគ្រាន់តែរូបភាពសិចស៊ី របស់ នាង ដេននី ខាងលើនេះ ។ ជាការកត់សម្គាល់មានតារាស្រីខ្មែរ មួយចំនួនមកហើយ ដែលបានបញ្ចេញភាពសិចស៊ី របស់ខ្លួនជាសាធាណៈ ដោយគិតថា នេះជាសិទ្ធសេរីភាព គ្មានប៉ះពាល់ដល់អ្នកណាឡើយ ប៉ុន្តែពេលលេងខ្លួនសិចស៊ី ហើយបញ្ចេញជាសាធារណៈម្ដងៗ តែងតែមានសំឡេងរិះគន់ ថា ប៉ះពាល់ដល់តម្លៃប្រពៃណីខ្មែរ ជាពិសេសជាស្រ្តីគួរតែប្រកាន់ខ្ជាប់នូវប្រពៃណីផូរផង់នេះ ៕
កញ្ញា លី ច័ន្ទវត្តី
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី