CamNews

តារា 

សោភ័ណ្ឌ លីនដា មិនទាន់ ច្បាស់រឿង ភ្ជាប់ពាក្យ ជាមួយគូស្នេហ៍

ភ្នំពេញ៖ តារាសម្តែងទើបល្បីឈ្មោះ បណ្តើរៗក្នុងពិភព សិល្បៈ កញ្ញា សោភ័ណ្ឌ លីនដា មុននេះ ត្រូវបានមហាជនដឹងគ្រប់គ្នាថា តារាស្រីរូបនេះ បានភ្ជាប់ទំនាក់ទំនង ស្នេហាដ៏ផ្អែមល្អែម យ៉ាងកក់ក្តៅ ជាមួយបុរសសង្ហា ជាប់ឈ្មោះជាអ្នកលេងពុកមាត់ លោក ខូល មករ៉ា ជាអ្នកដឹកនាំសម្ដែង នៅក្នុងផលិតកម្មសាន់ដេរ ហើយសម្ព័ន្ធភាព ស្នេហារបស់ពួកគេទាំងពីរ ក៏បានក្លាយទៅជារឿង មួយដ៏គួរឱ្យចាប់អារម្មណ៍ ពីសំណាក់មហាជន អ្នកគាំទ្រ ក៏ដូចជាគ្រប់បណ្តាញ សារព័ត៌មានក្នុងស្រុក។ អ្នកទាំងពីរតែងប្រកាស ជាសារធាណៈប្រាប់ថា នៅថ្ងៃខាងមុខពួកគេចង់ក្លាយជា ប្តីប្រពន្ធ ហើយរួមរស់ ជាមួយគ្នា ដោយមានសេចក្តីសុខ។

ប៉ុន្តែរហូតមកដល់ ពេលនេះពុំទាន់ មាននរណាម្នាក់ដឹងច្បាស់ នៅឡើយទេថា តើកញ្ញា សោភ័ណ្ឌ លីនដា និង លោក ខូល មករ៉ា មានគម្រោងចូលរោងការ តាមប្រពៃណី នៅពេលណា ? ប៉ុន្តែថ្មីៗនេះ ទើបបែកធ្លាយដំណឹង ពីគម្រោងនៃការរៀបចំពិធីភ្ជាប់ពាក្យ រវាងគូស្នេហ៍ទាំងពីរ ក្នុងពេលដ៏ខ្លីខាងមុខនេះ យ៉ាងតក់ក្រហល់។

ប្រភពពីចង្កោមអ្នកសិល្បៈ ជិតដិតជាមួយតារាសម្តែង វ័យ២១ ឆ្នាំ កញ្ញា សោភ័ណ្ឌ លីនដា បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ឱ្យដឹងពីគម្រោងភ្ជាប់ពាក្យ របស់តារាស្រីរូបនេះថា លីនដា និងគូស្នេហ៍ លោក មករ៉ា បន្ទាប់ពីសាងទំនាក់ទំនង ស្នេហាជាមួយគ្នា អស់រយៈពេល១ឆ្នាំមកនេះ ឃើញថា ពួកគេហាក់មានភាពល្អូកល្អឺន ស្រលាញ់យល់ចិត្តគ្នា ខ្លាំងណាស់។ មិនតែប៉ុណ្ណោះ កញ្ញា សោភ័ណ្ឌ លីនដា និងលោក ខូល មករ៉ា ក៏មានគម្រោងរៀបចំពិធីភ្ជាប់ពាក្យ ជាមួយគ្នាក្នុងពេលឆាប់នេះ ទៀតផង។

ប្រភពគួរឲ្យទុកចិត្ត ខាងលើបានបន្តថា បើទោះបីជា លីនដា មិនបានរស់នៅស្រុកខ្មែរ ជាមួ យគ្នាក៏ពិតមែន តែគូស្នេហ៍របស់ពួកគេទាំងពីរ នៅតែរក្សាបាននូវចំណងស្នេហ៍ ដ៏ផ្អែមល្ហែមដូចដើម។ ពិសេសជាងនេះ ពួកគេតែងបង្ហាញពីអារម្មណ៍ នឹកគា្នទៅវិញទៅ មកតាមរយៈការសរសេរសារបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន។
ប្រភពដដែល បានបញ្ជាក់ថា ក្រោយពីកញ្ញា សោភ័ណ្ឌ លីនដា វិលត្រឡប់ មកពីប្រទេសអូស្ត្រាលី នៅដើមខែមករា ឆ្នាំ២០១៥ ខាងមុខនេះវិញ គឺពួកគេនឹងរៀបចំពិធីភ្ជាប់ ជាផ្លូវការ ដើម្បីរឹតចំណងស្នេហ៍ ឱ្យកាន់តែមានភាពប្រសើរ ជាងនេះទៅទៀត និងរើសយកវេលាល្អណាមួយ ឈានដល់ពិធីមង្គលការ។

ឆ្លើយឆ្លង ជាមួយគេហទំព័រ LookingTODAYតាមសារអេឡិចត្រូនិច ពីប្រទេសអូស្ត្រាលី កាលពីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៤ នេះ តារាសម្តែង មានដើមកំណើត ចេញពីទឹកដីអ្នកលឿង ខេត្តព្រៃវែង សោភ័ណ្ឌ លីនដា បានបញ្ជាក់ថា "ចំពោះរឿងនេះ ខ្ញុំពុំបានដឹងទេ។ តើបងដឹងរឿងនេះ មកពីអ្នកណា ? ពួកខ្ញុំអត់ទាន់ត្រៀម រៀបចំពិធីភ្ជាប់ពាក្យទេ តែទើបតែគិតបណ្តើរៗ ហើយបើសិនជាខ្ញុំ និងបង មករា យល់ស្របដូចគ្នាហើយនោះ យើងនឹងរៀបចំពិធី ភ្ជាប់ពាក្យជាផ្លូវការ ក្នុងពេលឆាប់ៗ ប៉ុន្តែបើសិនមិនទាន់ មានការឯកភាពគ្នានោះទេ ប្រហែលនៅយូរ ជាងនេះបន្តិច ទៀត..!"។

កញ្ញា សោភ័ណ្ឌ លីនដា បានបន្ថែមថា បើនាងរៀបចំពិធីភ្ជាប់ពាក្យ ឬ រៀបការមែននោះ គឺមិនលាក់បាំងទេ នឹងប្រាប់ឱ្យទាំងអស់គ្នា បានឱ្យដឹង អញ្ជើញគ្រប់បណ្តាញ សារព័ត៌មានទាំងអស់ ចូលរួបថតផ្តិត យករូបភាពផ្សាយ ផងដែរ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh