CamNews

តារា 

មាន សូនីតា ប្រឹង​ប្រែង​ជួយ​កុមារ​កំព្រា តាមរយៈ​ការ​លក់​ផលិត​ផល​ច្នៃ​ចេញ​ពីក្រមា​ខ្មែរ

ភ្នំពេញ៖ តារាសម្តែងធ្មេញជំពើសកញ្ញា មាន សូនីតា មួយរយៈចុងក្រោយនេះ ត្រូវគេដឹងថា នាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងមានឈ្មោះល្បី ក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ ថែមទាំងលេចធ្លោ លើការងារមនុស្សធម៌ ជួយដល់សង្គមទៀតផង។ ជាក់ស្ដែងថ្មីៗនេះ នាងប្រកាសយកប្រាក់ណេញ ដែលបានមកពីការលក់ក្រមា ទាំងប៉ុន្មាន ដើម្បីជួយឧបត្ថម្ភ ទៅដល់កុមារកំព្រាកំពុងជួបការលំបាកប្រចាំថ្ងៃ។

ជួបជាមួយគេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥នេះ តារាសម្តែង មាន សូនីតា បានប្រាប់ថា នៅព្រឹកថ្ងៃទី០៥ ខែកញ្ញាខាងមុខនេះ នាងមានគម្រោងដាក់លក់ក្រមា និងអាវចំនួន៧០០ ដើម្បីយកថវិកាដែលបានមកពីការលក់ទាំងអស់ ជួយដល់កុមារកំព្រា និងក្មេងៗរស់នៅ លើគំនរចាក់សំរាម នៅជាយរាជធានីភ្នំពេញ។ កញ្ញា មាន សូនីតា បាននិយាយទៀតថា ក្រៅពីផលិតផលកែច្នៃពីក្រមា ក៏មានប្រភេទអាវយឺតផងដែរ។

ចំពោះគោលបំណងសំខាន់ ត្រូវបានស្រសីស្រស់ មាន សូនីតា បញ្ជាក់ថា ទី១-ដើម្បីជួយលើកតម្កើង ផលិតផលរបស់ខ្មែរ ឲ្យអ្នកទេសចរណ៍បរទេស ក៏ដូចជាយុវវ័យជំនាន់ក្រោយ បានស្គាល់កាន់តែច្បាស់ ពីលក្ខណៈពិសេសរបស់ក្រមាខ្មែរយើង ព្រោះក្រមា ក៏អាចយកទៅកែច្នៃ ធ្វើជាម៉ូដផ្សេងៗបាន សម្រាប់ជាប្រយោជន៍ ដល់មនុស្សគ្រប់រូប។ ទី២-ក្រៅពីផ្សព្វផ្សាយ ឲ្យមានការជួយគាំទ្រ ផលិតផលខ្មែរនោះ គឺថវិកាមួយចំណែក បានមកពីការលក់ក្រមានេះនឹងត្រូវរៀបចំ យកទៅជួយដល់កុមាកំព្រា ព្រមទាំងផ្តល់ជាសម្ភារៈសិក្សាឲ្យពួកគេ ដែលជាការចូលរួមចំណែកជួយសង្គម របស់យើងផងដែរ។

តារាសម្តែង មាន សូនីតា បានបញ្ជាក់ថា ការចាប់ផ្តើមលក់ក្រមានេះ នឹងមានការដាក់តាំងបង្ហាញលក់ នៅកោះពេជ្រថ្ងៃទី០៥ ខាងមុខនេះ ដើម្បីយកប្រាក់ចំណេញទាំងអស់ ជួយដល់កុមារ នៅក្នុងវិធីមួយ ដែលរៀបចំឡើង ដោយធានាគា MayBank។សូមបញ្ជាក់ថា ក្រៅពីអាជីពជាអ្នកសិល្បៈ កញ្ញា មាន សូនីតា កាលពីពេលថ្មីៗនេះ ត្រូវអង្គការUSAID ជ្រើសរើស និងតែងតាំងក្នុងនាម ជាឯកអគ្គរាជទូតសុច្ឆន្ទៈនៃគម្រោងប្រយុទ្ធ ប្រឆាំងអំពើរជួញដូរមនុស្ស ផ្សព្វផ្សាយប្រចាំនៅកម្ពុជា ទៀតផង៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh