CamNews

តារា 

គីម ច័ន្ទបូរមី មិន​ខ្ចី​រស់​ក្រោម​ទ្រព្យ អ្នក​មាន​ធា​នា​ចិញ្ចឹម

(ភ្នំពេញ)៖ តារាសម្ដែងមានសម្រស់ផូរផង់ គួរជាទីទាក់ទាញចិត្តក្រុមបុរសៗសម្បូរទ្រព្យ ចូលចិត្តយកលុយដុល្លាររាយអន្ទាក់ស្នេហ៍ កញ្ញា គីម ច័ន្ទបូរមី ហៅម៉ីម៉ី បានបដិសេធយ៉ាង​ដាច់អហង្ការថា នាងមិនប្រាថ្នារស់នៅក្រោមទ្រព្យ និងការធានាចិញ្ចឹមពីសំណាក់ បុរសណាម្នាក់ចង់ល្បងស្នេហ៍នាងឡើយ ព្រោះនាងមិនចង់បានស្នេហាបែបនេះ ហើយគ្រួសារ​ក៏​មានជីវភាពធូរធា សមល្មមនឹងអាចរស់នៅ​បានដោយស្រួលដែរ។

ការថ្លែងបែបនេះ គឺស្របពេលដែលស្រីស្រស់ គីម ច័ន្ទបូរមី ទទួលបានតំណែងជាតួឯក ក្នុងរឿងថ្មី មានចំណងជើងថា« អាស៊ុយទ្រីស្មោះស្នេហ៍» របស់ផលិតកម្ម BKS Production កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦​ ក្នុងពិធីក្រុងពាលីថតរឿងថ្មីនេះ ខណៈដែលនាងជាតារាសម្ដែងម្នាក់ កំពុងតែមានទីផ្សារសិល្បៈល្អ ក្រោយចូលប្រឡូកបាន រយៈពេលប្រមាណ​ ជាង១ឆ្នាំ ។

កញ្ញា គីម ច័ន្ទបូរមី បាននិយាយថា ការចូលប្រឡូកក្នុងសិល្បៈ តែងតែមានព័ត៌មានលេចឮពីមាត់មួយ ទៅមាត់មួយ មិនអត់នោះទេ តែអ្វីដែលសំខាន់បំផុត គឺយើងមិនបានធ្វើ ដូច្នេះយើងអត់ខ្លាច​នោះឡើយ។ ជាពិសេសចំពោះរូបនាងផ្ទាល់ ក៏មិនចង់រស់នៅក្នុងស្ថានភាព មានគេតាមស្រឡាញ់ ចង់យកចិញ្ចឹម និងរស់ក្រោមប្រាក់របស់អ្នកមាននោះដែរ ព្រោះនាងអះអាងថា គ្រួសាររបស់នាងមាន​ជីវភាពសមរម្យ គួរឲ្យនាងទទួលយកបានហើយ មិនបាច់ដើរលើផ្លូវមួយនេះ នាំតែមានវិប្បដិសារីនោះទេ ។

គីម ច័ន្ទបូរមី និយាយ« ចា៎..បង អត់ទេ ខ្ញុំមិនទាន់គិតរឿងស្នេហាអ្វីទេ មានអ្នកស្រឡាញ់ឬគ្មានក៏ខ្ញុំអត់​ដឹងដែរ ខ្ញុំធ្វើយ៉ាងណាការងារសិល្បៈរីកចម្រើន និងមានឈ្មោះល្បីជាងនេះសិន ។ ខ្ញុំក៏មិនចង់រស់នៅក្រោម ការឧបត្ថម្ភរបស់នរណាដែរ ប៉ាម៉ាក់ខ្ញុំគាត់​មានជីវភាពធូរធា​ ខ្ញុំអាចទទួលយកបាន​ហើយ..!» ។

ងាកមកមើលការងារសិល្បៈ របស់ស្រីស្រស់ គីម ច័ន្ទបូរមី វិញ ត្រូវបាននាងបញ្ជាក់ថា កំពុងតែមមាញឹកនឹងការសម្ដែងគួរសម ព្រោះមានគេទាក់ទងឲ្យសម្ដែងជាហូរហែ ។ សម្រាប់នាងមិនប្រកាន់ថា ទាល់តែបានតំណែងជាតួឯក ទើបសម្ដែងនោះទេ ពោលទោះបីជាអ្នកដឹកនាំសម្ដែង ឬចាងហ្វាងផលិតកម្ម តម្រូវឲ្យនាងសម្ដែងជាតួរង ឬតួអ្វីក៏បាន នាងមិនប្រកាន់ ឬមានជំងឺតួឯកនោះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Kim chanboremey