CamNews

ព័ត៌មានជាតិ 

ដំណឹងល្អ៖ ការិយាល័យធ្វើលិខិតឆ្លងដែនថ្មីបានបើកចំនួន៣កន្លែងបន្ថែមទៀតហើយ

ក្រសួងមហាផ្ទៃ និងក្រសួងការងារបានធ្វើការបើកសម្ភោធការិយាល័យថ្មីចំនួន៣កន្លែងក្នុងគោលបំណងបង្កើនល្បឿនក្នុងដំណើរការធ្វើលិខិតឆ្លងដែន​ និងប័ណ្ណពលករដើម្បីធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស។

ប្រធាននាយកដ្ឋានការងារនៃក្រសួងការងារ លោក សេង សក្កដា បានធ្វើសេចក្តីប្រកាសនៅឯការិយាល័យថ្មីដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យថា ទីតាំងការិយាល័យទាំង៣កន្លែងបានចាប់បើកដំណើរការកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៨ ដោយមានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងទីនេះផ្ទាល់។

លោកបានបន្ថែមទៀតថា ប្រជាជនដែលមានបំណងចង់ទៅធ្វើការនៅបរទេសអាចមកកាន់ទីតាំង៣កន្លែងនេះដើម្បីធ្វើលិខិតឆ្លងដែន និងឯកសារផ្សេងៗរបស់ពួកគេបាន ដោយពួកគាត់ពុំចាំបាច់ទៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណដូចពីមុនទៀតឡើយ។ នេះជាលើកទីមួយហើយដែលក្រសួងមហាផ្ទៃរៀបចំដំណើរការឯកសារជូនកម្មករក្នុងរយៈពេលខ្លីត្រឹមតែ ៣ទៅ៥ថ្ងៃតែប៉ុណ្នោះ។

មួយឆ្នាំកន្លងទៅ មានពលករប្រមាណ ៣៤,៥៧០នាក់ដែលទទួលបានប័ណ្ណពលកររបស់ពួកគាត់ មានន័យថាពលករប្រមាណ ៣,០០០ ទៅ ៥,០០០នាក់ដែលអាចទទួលបានជារៀងរាល់ខែ ដោយសពុលភាពរបស់ប័ណ្ណគឺមានចំនួន៥ឆ្នាំ។

ក្នុងលក្ខខ័ណ្ឌពលករទាំងអស់ត្រូវតែមានកិច្ចសន្យារវាងនយោជកនៅក្រៅប្រទេស ទើបអាចទទួលបានលិខិតឆ្លងដែនរបស់ពួកគេដោយឥតបង់ប្រាក់។

លោក ម៉ៅ ចាន់ដារ៉ា ជាប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណនៃក្រសួងមហាផ្ទៃបាននិយាយថា ការិយាល័យនេះនឹងជួយសម្រួលទៅលើបញ្ហាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកខុសច្បាប់។

សព្វថ្ងៃមានភ្នាក់ងារប្រមាណ ៨០កន្លែង ដើម្បីធ្វើការជ្រើសរើស និងស្វែងរកការងារដើម្បីឲ្យពលករធ្វើចំណាកស្រុកទៅបរទេសដោយស្របច្បាប់។

ក្នុងរយៈពេលកន្លងទៅនេះ មានប្រជាជនប្រមាណ ១.២លាននាក់ដែលកំពុងធ្វើការនៅក្រៅប្រទេសរួមមាន ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងថៃ ៕


ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ KhmerTimes


Tags: Local news Social news