CamNews

កីឡាជាតិ 

ប្រាក់ មុន្នីឧត្តម ព្រម​ទទួល​ការ​ចាញ់ តែ​មិន​ទទួល​ការ​ប្រមាថ​ឡើយ!

(ភ្នំពេញ)៖ ការបរាជ័យទាំងប្រផិតប្រផើយក្រោមថ្វីជើងក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ៣-២ ល្ងាចមិញ បានធ្វើឲ្យសមាជិកក្រុម​គោ​ព្រៃ​កម្ពុជា និង​អ្នក​គាំ​ទ្រ​មាន​ការ​សោក​ស្ដាយ​ជាខ្លាំង ប៉ុន្ដែយ៉ាងណា កម្ពុជាបានរបូតអស់ ៣ពិន្ទុទៅហើយ នៅ​ថ្ងៃ​បើក​ឆាក​ការ​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup 2016 វគ្គ​ចែក​ពូល​ក្នុង​ពូល B នេះ ហើយ​កីឡាករ​កម្ពុជា ក៏​ព្រម​ទទួល​យកលទ្ធផលនៃការចាញ់នេះដែរ។


ទន្ទឹមជាមួយគ្នានេះ គេឃើញខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជាកីឡាករ ប្រាក់ មុន្នីឧត្តម បានបង្ហោះសារខ្លីមួយលើ Facebook ផ្ទាល់​ខ្លួន ដោយ​បាន​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​ជុំ​វិញ​ការ​បរាជ័យ​ខាងលើ។ មុន្នីឧត្តម បានសរសេរថា «ថ្ងៃនេះពួកយើងព្រមទទួលពាក្យបរាជ័យក្នុងការប្រកួតថ្ងៃនេះ ប៉ុន្តែពួកយើងមិនព្រមទទួលពាក្យប្រមាថ ដែលធ្វើឲ្យក្រុមទាំងមូលបាក់ទឹកចិត្តនោះទេ ពួកយើងនឹងតស៊ូឲ្យដល់ទីបញ្ចប់ ដើម្បីប្រទេសជាតិរបស់ពួកយើង» ។

នេះគឺជាពាក្យពេចន៍ដ៏មានន័យរបស់កីឡាករមកពីក្លឹបព្រះខ័នរាជស្វាយរៀង ដែលបង្ហាញឲ្យឃើញពីឆន្ទៈខំប្រឹងពិតៗ របស់កីឡាករជម្រើសជាតិ​ម្នាក់ៗ បើ​ទោះ​បី​ពួក​គេ​រង​នូវ​ការ​បរា​ជ័យ និង​ត្រូវអ្នកគាំទ្រមួយចំនួនរិះគន់យ៉ាងណាក៏ដោយ។ ជា​មួយ​គ្នា​នេះ​អ្នក​រក​បាន ២​គ្រាប់​ឲ្យ​កម្ពុជា​ល្ងាច​មិញ គឺ​កីឡាករ ចាន់ វឌ្ឍនាកា ក៏​បាន​សរ​សេរ​ដែរ​ថា «នេះហើយជាបាល់ទាត់ អគុណអ្នកទាំងអស់គ្នាដែលខំប្រឹង អគុណសំរាប់ការគាំទ្រថ្ងៃនេះ យើងបរាជ័យថ្ងៃនេះ តែយើងនឹងខំប្រឹងដើរកជោគជ័យវិញនៅថ្ងៃស្អែកទាំងអស់គ្នា ដោយគ្មានការបោះបង់ឡើយ តោះព្យាយាមបន្តទៀត កម្ពុជា ស៊ូស៊ូ» ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Prak moniodom