CamNews

ព័ត៌មានជាតិ 

បំពុលឆ្កែងាប់២ក្បាល កាច់-ក​ម៉ូតូរបស់ ហ៊ុត មិត្ត បានសម្រេច!

​(បាត់ដំបង)៖ ជនមិនស្គាល់មុខមួយក្រុម បានដាក់ថ្នាំបំពុលសត្វឆ្កែងាប់២ក្បាល ដើម្បីកាច់សោរ-ក ម៉ូតូ១គ្រឿងលួចយកទៅបាត់ ដោយសុវត្តិភាព នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិប្រឡាយ១៨ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

មន្ដ្រីអាវុធហត្ថស្រុករុក្ខគីរី បានឲ្យដឹងថា​ មានជនមិនស្គាល់មុខមួយក្រុម បានដាក់ថ្នាំបំពុលសត្វឆ្កែ បណ្តាលឲ្យងាប់២ក្បាល រួចកាច់សោរ-ក លួចយកម៉ូតូ១​គ្រឿង ម៉ាកវ៉េវ អាល់ហ្វា ពណ៌ក្រហម ស៊េរីឆ្នាំ២០១៤ មិនចាំស្លាកលេខ ដែល​ម្ចាស់​ឈ្មោះ ហ៊ុត មិត្ត ភេទស្រី អាយុ៦២ឆ្នាំ រស់នៅចំណុចខាងលើ ហើយពេលក្រុមចោរធ្វើសកម្មភាព ​ម្ចាស់ផ្ទះកំពុងដេកលក់លើផ្ទះ ដោយទុកម៉ូតូក្រោមផ្ទះគ្មានបន្ទប់។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងស្រាវជ្រាវ​ស្វែងរកមុខសញ្ញា ដើម្បីធ្វើការចាប់ខ្លួន និងផ្តន្ទាទោសតាមច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 

Tags: Local news Social news