CamNews

កីឡា 

Euro 2016៖ ៣​ប្រកួត​រាត្រី​នេះ ប៉ូឡូញ ប៉ះ​ស្វីស ម៉ោង​៨​យប់​មុន​គេ ក្នុង​វគ្គ​១៦​ក្រុម

(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ នឹងប្រកួតបើកឆាកវគ្គ១៦ក្រុមមុនគេ ដោយត្រូវប្រជែងជាមួយក្រុមស្វីស ក្នុង​ព្រឹត្តិ​ការណ៍ Euro 2016 នៅ​ប្រទេស​បារាំង នា​ម៉ោង ៨យប់នេះ (ម៉ោងនៅកម្ពុជា) ក្នុងពហុកីឡដ្ឋាន Stade Geoffroy-Guichard ស្ថិត​ក្នុង​ទី​ក្រុង Saint-Etienne។

សារព័ត៌មាន Sky Sports បានឲ្យដឹងថា ប៉ូឡូញជាក្រុមឈរនៅលេខ២ ប្រចាំពូល C បន្ទាប់ពីអាល្លឹម៉ង់ ដោយលេង៣ ប្រកួត​ជម្រុះ​ក្នុង​ពូល មិន​ដែល​ចាញ់ គឺ​ស្មើ​១ និង​ឈ្នះ​២ មាន៧ពិន្ទុដូចទៅនឹងម្ចាស់ពាន World Cup 2014 អាល្លឺម៉ង់ ផងដែរ ដោយឈ្នះគូ​ប្រកួត​ត្រឹម​តែ ១-០ ដូចៗ​គ្នា​ទាំង​អស់ តែ​ពុំ​មាន​របូត​គ្រាប់​បាល់​នោះ​ទេ ខណៈដែលស្វីស ជាក្រុមចេញពីលេខ២ នៃពូល A វិញនោះ មិនធ្លាប់ចាញ់ដូចគ្នា តែធ្លាប់ឈ្នះ១ និងស្មើ២ ដោយស៊ុតបញ្ចូលទីគេបាន២ និងរបូតវិញ១គ្រាប់ មាន៥ពិន្ទុ ជាក្រុមដែលទប់បានស្មើ ០-០ ទល់នឹងម្ចាស់ផ្ទះបារាំងនៅថ្ងៃប្រកួតបញ្ចប់ពូល A លើកទី៣របស់គេ។

ប្រវត្តិជួបគ្នា៣ប្រកួតចុងក្រោយ ប៉ូឡូញលេងមិនចាញ់ស្វីសឡើយ ពោលគឺឈ្នះ២ដង ដោយលទ្ធផល ២-០ ទាំង២ដង និងធ្លាប់ស្មើម្តងគត់គឺលទ្ធផល ២-២។ អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់ប៉ូឡូញដែលនៅជាប់អាល្លឺម៉ង់នោះ លេងឈ្នះប៉ូឡូញ ១-០ ស្មើ ០-០ ជាមួយអាល្លឺម៉ង់ ក្រោយលេងឈ្នះអៀរឡង់ខាងជើង ១-០ នៅថ្ងៃបើកឆាកពូល C តែស្វីសវិញ លេងឈ្នះអាល់បានី ១-០ លេងស្មើ ១-១ ទល់នឹងរ៉ូម៉ានី មុនលេងស្មើ ០-០ ជាមួយនឹងមាន់គកបារាំង។

សូមបញ្ជាក់ថា ការប្រកួតក្នុងវគ្គ១៦ក្រុមនេះដែរ ក្រុមឈ្នះមានសិទ្ធិឡើងទៅឈរចាំមុននៃវគ្គ៨ក្រុមមុនគេ ដោយអាច ជួបព័រទុយហ្គាល់ ឬក៏ក្រូអាត បន្ទាប់ពីពួកគេប្រកួតយប់នេះដែរនាម៉ោង ២រំលងអាធ្រាត្រ និងវ៉េល ប៉ះអៀរឡង់ខាងជើង ម៉ោង ១១យប់ ដោយអាចជួបប៊ែលហ្ស៊ិក ឬក៏ហុងគ្រី មុនពេលពួកគេប្រកួតគ្នានៅរាត្រីថ្ងៃទី២៥ មិថុនា៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Euro 2016