CamNews

តារា 

ខេមរៈ សិរីមន្ត និង នី រតនា នាំយក​ថវិកា ១៥,០០០​ដុល្លារ បាន​មក​ពី​​ការ​សម្ដែង​​នៅ​កូរ៉េ បរិច្ចាគ​​​ដល់

(ភ្នំពេញ)៖​ តារាចម្រៀង​ ប្រចាំផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្ត និងអតីត​ម្ចា​ស់ជ័​យលាភី ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ ពិភពលោក Cambodian Idol លោក នី រ​តនា កាលពីរសៀល​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញ បាននាំយកថវិកា​សប្បុរជន ចំនួ​ន​១៥,០០០ដុល្លារ ទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យជួយព្យាបាលកុមារ ក្រីក្រធំជាងគេ នៅក្នុងប្រទេសកម្ពុជា។

បើតាមការឲ្យដឹង ពីតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងលោក នី រតនា បាននិយាយថា​ ថវិកាចំនួន ១៥,០០០ដុល្លារ ដែល​ពួកលោក បាននាំយកទៅប្រគល់ជូន មន្ទីរពេទ្យគន្ធបុប្ផានេះ គឺជាថវិកា ដែលបានមកពីការរ៉ៃអង្គាស ពីបងប្អូនខ្មែររស់នៅប្រទេសកូរ៉េ អំឡុងពេលចេញទៅច្រៀង និងសម្តែងនៅទីនោះ កាលពីពេលថ្មីៗកន្លងមកនេះ។

តារាចម្រៀងចំណូលថ្មី របស់ផលិតកម្មហង្សមាស លោក នី រតនា បាននិយាយទៀតថា «ថ្ងៃនេះខ្ញុំ ក៏ដូចជាបងៗ ដែលបានទៅសម្ដែងនៅឯប្រទេសកូរ៉េ កាលពីប៉ុន្មានថ្ងៃមុននោះ រួមនឹងក្រុមហ៊ុ​ន ធារ៉ា ប៊ីយូធី បានពាំនាំនូវថវិកាបន្តិចបន្តួច យកមកជូនដល់មន្ទីរពេទ្យគន្ធបុបា្ផ ដើម្បីជួយ​ទៅដល់ ប្អូនៗកុមារ ដែលកំពុងតែមានជំងឺ ក៏ដូចជាខ្វះខាតនូវថវិកាខ្លះៗ ហើយថ្ងៃនេះដែរ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែន ដែលខ្ញុំបានចូលរួមចំណែក ជួយដល់មន្ទីរពេទ្យ ក៏ដូចជាបានជួយទៅដល់សង្គមផងដែរ!»

សូមជម្រាបជូនថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យធំជាងគេ នៅប្រទេសកម្ពុជា ដែលមានគោលកា​រ​ណ៍​មនុស្សធម៌ ផ្តោតសំខាន់លើការព្យាបាល និងសេវាសុខភាព ដោយឥតគិតថ្លៃសម្រាប់កុ​មា​រ​នៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោមជំនួយថវិកា​ ពីរាជរដ្ឋាភិបាលកម្ពុជា និ​ង រដ្ឋាភិបាលប្រទេស​ស្វីស ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ មន្ទីពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ និងជាកន្លែងផ្តល់ក្តីសង្ឃឹម ដល់កុមារនៅប្រទេសកម្ពុជា ជាពិសេសកុ​មារក្រីក្ររាប់ម៉ឺននាក់ ដែលឪពុកម្តាយពួកគេទាំងនោះ ខ្វះលទ្ធភាព ដើម្បីស្វែងរកសេវាព្យាបាលជំងឺដល់កូនៗ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Ny rathana