CamNews

កីឡាជាតិ 

បឹង​កេត ចេញ​ដំណើរ​ទៅ​ប្រកួត​ពាន BTV Cup នៅ​វៀត​ណាម តែ​ឈប់​ត្រឹម​ស្វាយ​រៀង ១​ថ្ងៃ​សិន

(ភ្នំពេញ)៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ២ជំនាន់ បឹងកេតអង្គរ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ បានចេញដំណើរទៅចូលរួមប្រកួត​ពាន​រង្វាន់ BTV Cup 2016 នៅ​លើ​ទឹក​ដី​ប្រទេស​វៀត​ណាម​នាដើមខែក្រោយហើយ ប៉ុន្ដែមុនចេញពីទឹកដីកម្ពុជា ក្រុម​បាល់​ទាត់​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នេះ ត្រូវ​ឈប់​សម្រាក និង​បោះ​ជំរុំ​ហ្វឹក​ហាត់​១​​ថ្ងៃ នៅ​ខេត្ត​ស្វាយ​រៀង​សិន មុន​នឹង​បន្ដដំណើរនៅថ្ងៃស្អែក។


គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលភាគីវៀតណាមអញ្ជើញក្លឹបបាល់ទាត់កម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍​ខាង​លើ ដោយ​ក្រុម​បឹង​កេត​អង្គរ ស្ថិត​ក្នុង​ពូល A ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ​វៀត​ណាម ២ក្រុម និងក្រុមមកពីសាធារណរដ្ឋកូរ៉េ ១​ក្រុម ខណៈ​ការ​ប្រកួត​គ្រោង​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​ទី២-៦ ខែ​ធ្នូ​ខាង​មុខ​នេះ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល ប៉ុន្ដែបើសិនបឹងកេតឡើងវគ្គបន្ដ គឺត្រូវបន្ដការប្រកួតទៀត។

លោក ប្រាក់ សុវណ្ណារ៉ា បានចាត់ទុកពាន BTV Cup 2016 គឺជាការប្រកួតប្រជែងដ៏សំខាន់ ដើម្បីពង្រឹកសមត្ថភាពក្រុមឲ្យបានកាន់​តែ​ល្អ​ប្រសើរ ដើម្បី​ត្រៀម​ប្រជែង​កៅអី​វគ្គផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់ TOYOTA Mekong Cup 2016 នាចុងឆ្នាំនេះ។

ដូច្នេះលោកនឹងប្រើប្រាស់ធនធានកីឡាករល្អទាំងថ្មី និងចាស់ឲ្យអស់គ្មានការលាក់ជើងឡើយ ក្នុងព្រឹត្តិការណ៍នេះ ប៉ុន្ដែលោកមិនទាន់ប៉ង​លើក​ពាន BTV Cup នេះ​នៅ​ឡើយ​ទេ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង

 


Tags: local sport news