CamNews

តារា 

វីជេ អាណូ អត់​ខ្វល់​ពី​កេរ្តិ៍​ឈ្មោះ ពេល​ប្រកាស​ថា ចូល​ប្រឡូក​ក្នុង​សង្វៀន​សិល្បៈ​វិញ

(ភ្នំពេញ)៖ ជាធម្មតាអ្នកសិល្បៈ​គ្រប់រូប ពេលចាប់ផ្ដើមប្រឡូក​ក្នុងអាជីពមួយនេះ ដែលជាទីលានពោរពេញ​​ដោយការប្រកួតប្រជែងគ្នា ទាំងសម្រស់ និងសមត្ថភាព គឺពួកគេម្នាក់ៗ តែងតែព្រួយបារម្ភ ហើយចង់បានប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីមហាជន ដោយព្យាយាមរកអ្វីដែលថ្មី ប្លែក បម្រើអារម្មណ៍របស់ទស្សនិកជន។ ប៉ុន្តែអ្វីៗ ទាំងអស់នេះ វាមិនមែនជារឿងដ៏សំខាន់​សម្រាប់ វីជេ អាណូ ទៀតឡើយ បើទោះបីជាកន្លងមក នាងធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយត្រូវធ្លាក់បាក់ស្រកស្រុតកេរ្តិ៍ឈ្មោះ ស្ទើរតែហៅលែងឮក្ដី។ ខណៈដែល វីជេ អាណូ ប្រកាសចូលសិល្បៈវិញ កាលពីពេលថ្មីៗនេះ នាងមិនបានយកចិត្តទុកដាក់ខ្វាយខ្វល់ នឹងប្រជាប្រិយភាពនោះទេ ​ល្បី ឬមិនល្បី គឺនាងមិនខ្វល់។

តារាសម្ដែងធ្លាប់មានកេរ្តិ៍ឈ្មោះល្បី វីជេ អាណូ ត្រូវបានគេមើលឃើញថា រយៈកាលថ្មីៗនេះ នាងបានប​ង្ហាញវត្តមានគួរឲ្យភ្ញាក់​ផ្អើល ក្នុងពិភពសិល្បៈឡើងវិញ ខណៈដែលវត្តមានរបស់នាង ត្រូវបានបាត់អស់រយៈពេលជាច្រើនឆ្នាំ ហើយទស្សនិកជនស្ទើរតែភ្លេចឈ្មោះនាង បាត់ទៅហើយ។ តាមរយៈកម្មវិធីអ្នកសិល្បៈ ដែលជាមិត្តភក្តិធ្លាប់រួមទ្រនំ នាងបានចាប់ផ្ដើមបង្ហាញ​វត្តមាន ចូលរួមជាហូរហែ ហាក់ចង់ប្រាប់ជាចំហថា ពេលនេះ វីជេ អាណូ មកចូលប្រឡូកក្នុងការងារ សិល្បៈវិញហើយ។

ថ្លែងប្រាប់ Khmertalking កាលពីពេលថ្មីៗនេះ វីជេ អាណូ បានបញ្ជាក់ថា បន្ទាប់ពីការងារឯកជន និងរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង ត្រូវបានបញ្ចប់ នាងបានមើលឃើញពីផ្លូវមួយ ដើម្បីចូលជ្រែកក្នុង​ការងារសិល្បៈវិញ ហើយគ្រាន់តែប្រកាសថា នឹងបើកចំហចំពោះ​ការទទួលយក ការងារសិល្បៈវិញភ្លាម គឺមានអ្នកទាក់ទងនាង ជាហូរហែ មានទាំងការសម្ដែង ធ្វើជាពិធីការិនី និងកម្មវិធីផ្សេងៗ ជាច្រើនទៀត។

នៅពេលសួរថា តើ ​វីជេ អាណូ សម្រេចចិត្តចូលខ្លួនមកប្រឡូក ក្នុងសិល្បៈវិញនេះ មានភ័យបារម្ភ ចំពោះកេរ្តិ៍ឈ្មោះដែរឬទេ ខណៈដែលខ្លួននាង បាត់មុខរយៈពេលច្រើនឆ្នាំ មកហើយនោះ?

វីជេ អាណូ បានឆ្លើយថា «ចា៎..បង រឿងកេរ្តិ៍ឈ្មោះខ្ញុំអត់ខ្វល់ និងអត់សំខាន់សម្រាប់ខ្ញុំទេ ខ្ញុំធ្លាប់ឆ្លងកាត់ការងារសិល្បៈ ច្រើនឆ្នាំមកហើយ ខ្ញុំដឹងថា បងប្អូនយល់យ៉ាងម៉េច ពីសមត្ថភាពរបស់ខ្ញុំ ពេលនេះខ្ញុំបានសម្រេចចិត្ត ចូលប្រឡូកក្នុងការងារសិល្បៈវិញ​ និងឃើញមានគេទាក់ទងមកខ្ញុំ ជាបន្តបន្ទាប់ ធ្វើឲ្យខ្ញុំរវល់ច្រើនគួរសម ហើយបើខ្ញុំគិតព្រួយ ពីបញ្ហា កេរ្តិ៍ឈ្មោះ ក៏ខ្ញុំមិនសម្រេចចិត្ត ចូលមកវិញដែរ.!»។

រំឭកពីតារាសម្ដែង វីជេ អាណូ ត្រូវបានមហាជនដឹងថា នាងបានបាត់មុខពីសង្វៀនសិល្បៈ អស់រយៈពេលជិត៥ឆ្នាំមកហើយ ដោយនាងមានបញ្ហាផ្ទាល់ខ្លួន ត្រូវដោះស្រាយ ហើយឮថា នាងចេញទៅរស់នៅក្រៅប្រទេស ដើម្បីគេចចេញពពីបញ្ហាទាំងនេះ។ រយៈពេលជិត៥ឆ្នាំមកនេះ វីជេ អាណូ មិនបានបង្ហាញមុខ សូម្បីតែបន្តិចក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ ធ្វើមហាជនគិតថា វីជេ អាណូ បញ្ចប់ជីវិតសិល្បៈរបស់នាងបាត់ទៅហើយ ប៉ុន្តែពេល​ប្រកាសចូលមកវិញបែបនេះ មហាជនក៏នៅតែគាំទ្រនាង និងអាចថា មានច្រើនជាងពេលមុន ទៀតផង៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: VJ Ano