CamNews

កីឡាជាតិ 

ទិដ្ឋភាពរួម ខ្សែ​ប្រយុទ្ធសាំម៉ូរ៉ៃ​ជប៉ុន HONDA ជួបសម្តេច ​តេ​ជោ ហ៊ុន សែន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យកីឡាករបាល់ទាត់ដ៏ឆ្នើមពិភពលោក Keisuke HONDA ចូលជួបសំណេះសំណាល និងសម្តែងការគួរសមក្នុងឱកាសកីឡាករក្នុងក្រុមជម្រើសជាតិសាម៉ូរ៉ៃ ជប៉ុនរូបនេះ បានធ្វើដំណើរមកដល់កម្ពុជាតាំងពីថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០១៦ ចុងសប្តាហ៍មុន។

ការជួបសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ នវ គឺត្រូវបានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោយជួបនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កាលពីយប់មិញនេះ ក្នុងកិច្ចពិភាក្សា អំពីការលេងកីឡាបាល់ទាត់ និងបណ្តុះបណ្តាលកីឡាករក្មេងៗកម្ពុជាថែមទៀតផង។

លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានប្រាប់អង្គភាពសារព័ត៌មាន Khmertalking ថា តារាបាល់ទាត់លំដាប់ពិភពលោក Keisuke Honda រូបនេះ ធ្វើដំណើរមកកម្ពុជាលើកនេះ គឺដើម្បីចូលរួមកម្មវិធី Soccer Camp នៅទីក្រុងភ្នំពេញ ដើម្បីចែករំលែកបទពិសោធន៍បាល់ទាត់ដល់កុមារកម្ពុជា ដែលកម្មវិធីនោះមានឈ្មោះថា «Keisuke Honda’s SOLTILO GLOBAL SOCCER CAMP»។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលខ្សែបម្រើប្រយុទ្ធកំពុងប្រកបអាជីពនៅលីគកំពូលអ៊ីតាលីជាមួយក្លឹប AC Milan លោក Keisuke Honda មកទស្សនកិច្ចផ្លូវការនៅកម្ពុជា គ្រាដែលលើកទី១ គឺមកសិក្សាពីគម្រោងបង្កើតសាលាបាល់ទាត់នៅកម្ពុជា ហើយបច្ចុប្បន្នសាលានោះ បានបើកដំណើរជាផ្លូវការហើយដែរ ដែលមានឈ្មោះថា «SOLTILO FAMILIA Soccer School» មានទីតាំងនៅទីលាន RooY7 និងទីលាន 3G៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: honda.