CamNews

ភាពយន្ត 

Angelina Jolie បង្ហាញ​ពីកាល​បរិច្ឆេទ​បញ្ចាំង​រឿង «មុន​ដំបូង​ខ្មែរ​ក្រហម​ សម្លាប់​ប៉ា​របស់​ខ្ញុំ» ហើយ

(ភ្នំពេញ)៖ កំពូលតារាសម្ដែងហូលីវូដ និងជាអ្នកដឹកនាំរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» លោកស្រី Angelina Jolie បានបង្ហាញពីកាលបរិច្ឆេទបញ្ចាំងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលជាខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ រំឭកអំពីប្រវត្តិដ៏ជូរចត់ នៃរបបវាលពិឃាត នៅក្នុងប្រទេសកម្ពុជា ខណៈដែលការដាក់បញ្ចាំងនោះ មានចំនួន៤លើក ស្របពេលដែលមហាជន ក៏កំពុងទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសារ។

យោងតាម Facebook ផ្លូវការរបស់ កំពូលតារាហូលីវូដ Angelina Jolie បានបញ្ជាក់ពីកាលបរិច្ឆេទ នៃការបញ្ចាំងភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ថា ការដាក់បញ្ចាំងលើកទី១ គឺនៅលើវាលស្មៅ នៃព្រះលានជល់ដំរី និងមុខប្រាសាទអង្គរធំ ចាប់ពីម៉ោង៦ល្ងាច នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ។

ការដាក់បញ្ចាំងលើកទី២ ក៏មានពីរទីតាំងដែរ ក្នុងនោះទីតាំងទី១ គឺនៅ Indoor Arena និងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៦ល្ងាច នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់មហាជន និងតារាសម្ដែងខ្មែរក្នុងរឿងនេះ ដែលត្រូវបាននាង Angelina Jolie អញ្ជើញដោយផ្ទាល់។

ចំណែកការដាក់បញ្ចាំងលើកទី៣ គឺនៅក្នុងខេត្តបាត់ដំបង ដែលជាទីតាំងថតរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះផ្ទាល់ ដោយបញ្ចាំងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ខណៈលើកទី៤ គឺនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ក៏មានការដាក់បញ្ចាំងម្ដងទៀត ផងដែរ។

សូមបញ្ជាក់ថា ខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ត្រូវបានថតនៅក្នុងទីតាំងសំខាន់ៗជាប្រវត្តិសាស្ត្រចំនួន២គឺ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាពិសេស តំបន់រមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយដ៏សំខាន់ ដែលខ្សែភាពយន្តបានផ្តិតយកទិដ្ឋភាព ជាប្រវត្តិសាស្ត្រមួយចំនួនធំ។ ដូចនេះហើយ បានជាផលិតករភាពយន្ត សម្រេចចិត្ត ជ្រើសរើសយករមណីយដ្ឋានអង្គរ ជាទីតាំងចាក់បញ្ចាំងមុនដំបូង ដែលជាពិធីសម្ពោធផ្លូវការ មុននឹងខ្សែភាពយន្តនេះចាក់បញ្ចាំង នៅរោងភាពយន្តផ្សេងៗទៀត។

រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» មានការចូលរួមសម្ដែង ដោយតារាខ្មែរជាច្រើនដួង រួមមាន លោក សុខ សុធន, កញ្ញា សម ថារត្ន ,លោក ផង់ តារា , លោក សាវិន ហ្វីលីព ,កញ្ញា ឌី សូនីតា , អ្នកនាង ស្វែង សុជាតា , លោក ទេព រិនដារ៉ូ ,លោក ជា សំណាង, លោក ហម ឈរ៉ា, រស់ មុនី, ម៉ារីណែត និងកុមារី ជូលី ជាដើម។

នេះគឺជាព្រឹត្តិការណ៍ ដ៏សំខាន់មួយទៀត សម្រាប់រមណីយដ្ឋានអង្គរ ដែលកន្លងមកតែងទទួលរៀបចំនូវព្រឹត្តិការណ៍ ដែលមានការយាងចូលរួម ពីសំណាក់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល និងឥស្សរជនល្បីៗលើពិភពលោកជាច្រើនរូបទៀត។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏ជាផ្នែកមួយដែលជួយស្រូបទាញ ទេសចរឲ្យមកទស្សនាកម្ពុជា ជាពិសេស រមណីយដ្ឋានអង្គរកាន់តែច្រើនឡើងៗ៕

 

Image result for angelina jolie

Image result for angelina jolie

Related image

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Angelina Jolie